បណ្ណសារ

Archive for the ‘ចំណេះដឹងព័តមានវិទ្យា’ Category

ពេលណាមួយ…

ខែ​កុម្ភៈ 26, 2014 មតិ ១

ទោះបីខ្ញុំមិនមានបទពិសោធន៍ច្រើនក្នុងការសសេររឿងក្តី តែខ្ញុំនឹងព្យាយាមសសេររឿងនេះឡើង …ខ្ញុំកំពុងគ្រោងឆ្អឹងរឿង ហើយសង្ឃឹមថា អាចសសេរបានសំរេច​នឹង​ចែកចាយលើប្លុករបស់ខ្ញុំ ។ ចង់សសេររឿងមួយដែលមានខ្លឹមសារ គិតថាពិបាកហើយអាចនឹងភ្លាវ តែយ៉ាងណា ស៊ូស៊ូ សាកល្បងសសេរសិន ។

កំណាព្យ ៖ រាប់មិត្ត (វគ្គ I)

ខែ​មីនា 29, 2013 មតិ 4

mypoem0-0

ទឹកភ្នែកម្តាយ

ខែ​មីនា 29, 2013 បញ្ចេញមតិ

poem-mum

 

to like my page on facebook for more poem, please click this link or copy and paste this address to your browser : http://www.facebook.com/pages/Chhorn-Sarath-Khmer-Writer/279252372208079

អនុស្សាវរីយ៍១

ខែវិច្ឆិកា 29, 2012 បញ្ចេញមតិ

អស់រយៈកាលជាង៥ឆ្នាំមកហើយដែលខ្ញុំបានបញ្ចប់ការសិក្សាវគ្គខ្លី នៅសាលារៀនឯកជនមួយ ហើយនេះក៏ជារយៈពេលមួយដែរ ដែលខ្ញុំបានបែកពីមនុស្សម្នាក់ដែលខ្ញុំតែងតែនឹក និង មិនដែល សូម្បីតែគិតថារូបរបស់គេស្ថិតនៅក្នុងដួងចិត្តនិងការគិតរបស់ខ្ញុំរហូតមក ។ រយៈពេលយូរយ៉ាងនេះខ្ញុំចាំរូបគេសឹងតែមិនច្បាស់ថា តើគេមានមុខមាត់យ៉ាងណានោះទេ ក៏ប៉ុន្តែស្រមោលរបស់គេ និង ពាក្យសំដីរបស់គេគឺស្ថិតនៅក្នុងបេះដូងនិងដួងចិត្តរបស់ខ្ញុំជានិច្ច ។
នៅចុងឆ្នាំ ២០០៧ ដើម្បីបំប៉នលើចំណេះដឹងដែលនាងខ្ញុំធ្លាប់រៀននៅមហាវិទ្យាល័យ នាងខ្ញុំបានចូលរៀនសិក្សាវគ្គកំព្យូទ័របន្ថែម ។ កន្លះខែកន្លងផុតទៅហើយដែលខ្ញុំបានចាប់ផ្តើមចូលរៀន ចេះខ្លះមិនចេះខ្លះ យល់ខ្លះមិនយល់ខ្លះទៅតាមដំណើរ ។ ចៃដន្យថ្ងៃមួយនាងខ្ញុំបានទៅសាលាមុនម៉ោង ហើយក៏បានឈរលេងនៅមុខថ្នាក់ប្រហែលជា ៥ នាទី ។ មានសំលេងជជែកគ្នានិងសើចក្អាកក្អាយនៅខាងចុងម្ខាងនៃអាគារដែលនាងខ្ញុំរៀន ។ នាងខ្ញុំក្រឡេកចោលភ្នែកទៅឃើញសិស្សមួយក្រុមមានប្រុសមានស្រីកំពុងជជែកគ្នាយ៉ាងសប្បាយ ។ ខណៈដែលអ្នកទាំងនោះកំពុងអង្គុយ រំពេចន៍នោះនាងខ្ញុំបានផ្តោតអារម្មណ៍ទៅលើបុរសម្នាក់ដែលឈរនិយាយនិងទំនងជាពូកែវោហារជាងគេ ។ នាងខ្ញុំក៏មិនបានជាចាប់អារម្មណ៍យកចិត្តទុក្ខដាក់អ្វីដែរ ហើយក៏ដើរចូលបន្ទប់រៀនតាមធម្មតា ។
ពីរថ្ងៃបន្ទាប់ នាងខ្ញុំបានចូលរៀនដូចសព្វមួយដង ។ នាងខ្ញុំបានអនុវត្តមេរៀនកំព្យូទ័រប្រហែលជាបានកន្លះម៉ោង មានចំណុចមួយចំនួនដែលគាំងធ្វើអោយនាងខ្ញុំមិនយល់ ។ នាងខ្ញុំក៏បានក្រឡេកមើលឆ្វេងស្តាំ ដើម្បីរកគ្រូមកពន្យល់និងប្រាប់បង្ហាញ ។ ពេលនោះរឿងមួយដែលធ្វើអោយនាងខ្ញុំភ្ញាក់ផ្អើលគឺបុរសម្នាក់ ដែលមានសំលេងលឺជាងគេនិងបានឈជជែកគ្នាកាលពីថ្ងៃមុន ស្រាប់តែមានវត្តមាននៅក្នុងបន្ទប់រៀននេះដែរ ។ ខ្ញុំក៏មិនចាប់អារម្មណ៍ថាគាត់គឺជាអ្នកណា ហើយមកធ្វើអីក្នុងបន្ទប់រៀននេះទេ ខ្ញុំបានលើកដៃឡើងដើម្បីបញ្ជាក់ថាខ្ញុំជាប់គាំងនិងមេរៀនហើយត្រូវការគ្រូមកជំនួយ រួចនាងខ្ញុំក៏ងាកមកមើលសៀវភៅនិងកំព្យូទ័រវិញ ដោយរង់ចាំគ្រូមកជូយបង្ហាត់បង្ហាញ ។

ប្រហែលជាពីរនាទីបន្ទាប់ សំលេងមួយបានបន្លឺឡើងនៅពីក្រោយខ្នងខ្ញុំ “តើមិនយល់ឬមានបញ្ហាត្រង់ណា?” ខ្ញុំក៏បានឆ្លើយប្រាប់ពីចំណុចដែលនាងខ្ញុំជាប់គាំងដោយមិនបានងាកមុខមើលម្ចាស់សំលេងឡើយ ។ ដៃមួយក៏បានលូកមកកាន់អេក្រង់កុំព្យូទ័ររបស់ខ្ញុំ ហើយបានប្រាប់ពីចំណុចដែលត្រូវធ្វើនិងដោះស្រាយលំហាត់នោះ ។ ខ្ញុំក៏រាង្គងាកចេញបន្តិចហើយចោលភ្នែកមើលទៅម្ចាស់ដៃនិងសំលេង ពិតណាស់នោះគឺជាបុរសម្នាក់នោះឯង តាមពិតគេគឺជាគ្រូបង្រៀនមុខវិជ្ជាកំព្យូទ័រនេះឯង តែអ្វីដែលខ្ញុំឆ្ងល់ទំនងមើលទៅគាត់បង្រៀននៅទីនេះយូរហើយ តើហេតុអ្វីបានជាមិនដែលឃើញ? ខ្ញុំក៏បាននិយាយពាក្យអរគុណទៅកាន់គាត់ ហើយបន្តធ្វើលំហាត់ជាបន្ត ។
ចាប់តាំងពីថ្ងៃនោះមក គាត់តែងតែចូលមកបង្រៀននៅក្នុងបន្ទប់ខ្ញុំជារៀងរាល់ថ្ងៃ គាត់ពន្យល់ បានល្អ និង ងាយយល់ ។ ពេលដែលគ្រូដទៃទៀតរវល់ គាត់តែងតែមកពន្យល់ខ្ញុំជាញឹកញាប់ ។ មិនដឹងជាគាត់ចង់បន្លំឬយ៉ាងណានោះទេ ជួនកាលនៅពេលដែលខ្ញុំសួរគាត់ពីរបៀប អនុវត្តន៍កំព្យូទ័រ គាត់តែងតែចាប់កាន់ដៃខ្ញុំដើម្បីបញ្ជារ Mouse របស់កុំព្យូទ័រ រហូតដល់ពេលខ្លះខ្ញុំមានអារម្មណ៍អៀននិងប្រញ៉ាប់ដកដៃចេញនៅពេលដែលគាត់បំរុងនិងចាប់កាន់ Mouse តែពេលខ្លះខ្ញុំបែជាមានអារម្មណ៍រីករាយទៅវិញនៅពេលដែលគាត់ធ្វើបែបនេះ ។ តើនេះជាអារម្មណ៍អ្វីទៅ? តាំងពីតូចក្រូចឆ្មារមកដៃខ្ញុំមិនដែលត្រូវបានគេប៉ះទេ តែពេលនេះគឺក្នុងហេតុផលពន្យល់មេរៀន បែរជាត្រូវបានគេចាប់ស្ទើរាល់ថ្ងៃទៅវិញ ។
ពេលខ្លះ រហូតដល់ខ្ញុំមានអារម្មណ៍ថា ទៅរៀនមនុស្សដែលខ្ញុំចង់ឃើញជាដំបូងគេ គឺរូបគាត់ហ្នឹងឯង ។ តើខ្ញុំឆ្កួតហើយមែនទេ? ពេលខ្លះដែលខ្ញុំមិនបានឃើញគាត់មកបង្រៀនខ្ញុំបែរជាគ្មានអារម្មណ៍រៀនទៅវិញ និងបន់អោយតែគាត់មកបង្ហាញមុខមួយភ្លែតក៏អស់ចិត្តដែរ ។
ពេលវេលាពិតជាលឿនរហ័សណាស់ មិនទាន់ដឹងអីផង ខ្ញុំរៀនបានពីរខែទៅហើយ ។ តែមានរឿងចំឡែកមួយបានកើតឡើងក្នុងម៉ោងសិក្សារបស់ខ្ញុំ គឺរាល់ពេលដែលខ្ញុំជាប់គាំង ត្រូវការគ្រូជួយបង្ហាត់បង្ហាញ ប្រសិនបើលោកគ្រូម្នាក់ហ្នឹងជាប់រវល់ពន្យល់សិស្សផ្សេង គឺមិនមានគ្រូណាមកពន្យល់ខ្ញុំទេទោះបីជាមានគ្រូច្រើនក្នុងថ្នាក់ក៏ដោយ និង ទោះបីជាខ្ញុំព្យាយាមហៅពួគាត់

យ៉ាងណា ក៏ពួកគាត់បានត្រឹមតែញញឺម តែមិនមកពន្យល់ខ្ញុំសោះ ខ្ញុំត្រូវរង់ចាំរហូតដល់លោកគ្រូកាចមាត់លឺម្នាក់នោះ ពន្យល់គេចប់ទើបគាត់មកពន្យល់ខ្ញុំ ។ ប្រការនេះបានធ្វើអោយខ្ញុំមានអារម្មណ៍ប្លែកក្នុងចិត្តជាខ្លាំង និងជួនកាលមានចំងល់ លាយឡំនិងកំហឹងហេតុអីបានជាពួកគាត់មិនមកពន្យល់ខ្ញុំអញ្ចឹង ហើយរង់ចាំតែលោកគ្រូមាត់លឺហ្នឹង ។ តែខ្ញុំពិតជាទទួលស្គាល់ថា មានតែលោកគ្រូហ្នឹងទេ ពន្យល់បានល្អ សួរមិនសូវទាល់ ។
មានថ្ងៃមួយគាត់បានពន្យល់ខ្ញុំដោយសំឡុតខ្លាំងៗ ធ្វើអោយខ្ញុំច្រឡោតតមាត់និងគាត់ ។ ម៉ោងនោះគឺជាម៉ោងពេលដែលមានបរិយាកាសតានតឹងអាប់អួរ អស់អារម្មណ៍រៀន ។ នៅពេលដែលខ្ញុំតមាត់ដោយសំឡេងខ្លាំងៗទៅវិញ គាត់បានដើរចេញទៅពន្យល់អ្នកផ្សេង ហើយចេះតែចោលភ្នែកមើលមកខ្ញុំ (ខ្ញុំក៏លួចតាមមើលគាត់ដូចគ្នា) ដូចជាស្តាយក្រោយនៅពាក្យគំរោះគំរើយរបស់គាត់មកកាន់ខ្ញុំអំបាញ់មិញ ។ តែចរិតមនុស្សស្រីគឺខឹងហើយងង៉ក់បន្តិច ដោយខ្ញុំមិនបានបន្ទន់ឥរិយាបថទេ នៅតែលួចតាមសំឡក់គាត់ដដែល ។ ប្រហែលជាកន្លះម៉ោងក្រោយមក គាត់បានមកអង្គុយពីខាងក្រោយខ្ញុំ ហើយចាប់ផ្តើមនិយាយពីនេះពីនោះក្នុងន័យអោយខ្ញុំបាត់ខឹង តែគាត់មិនបាននិយាយជាមួយខ្ញុំទេ គឺនិយាយជាមួយនិងគ្រូគ្នាគាត់និងសិស្សផ្សេងទៀត ខ្ញុំក៏មានប្រតិកម្មតបទៅវិញជាមួយស្នាមញញឹមនិងលួចសើចតិចៗនូវពាក្យដែលគាត់បាននិយាយគ្នា មួយសន្ទុះក្រោយមកគាត់ក៏ងាកមករកខ្ញុំហើយចាប់ពន្យល់និងបង្ហាញពីចំណុចដែលខ្ញុំជាប់គាំងឡើងវិញ ដោយពាក្យសើចយ៉ាងទន់ភ្លន់ ។
ពេលវេលាបីខែ មិនយូរទេ ទីបំផុតថ្ងៃបញ្ចប់ក៏មកដល់ ។ អ្នកចូលរៀនស្រករខ្ញុំត្រូវបានធ្វើតេស្តបញ្ចប់ជាបន្ទបន្ទាប់ សល់តែរូបខ្ញុំម្នាក់ប៉ុណ្ណោះ ។ ពេលខ្ញុំសួរលោកគ្រូផ្សេងៗថា ពេលណាទើបខ្ញុំត្រូវធ្វើតេស្ត? គឺពួកគាត់សើចញឺមៗ ហើយប្រាប់ថា ចាំអោយលោកគ្រូមាត់លឺហ្នឹងជាអ្នកធ្វើតេស្តខ្ញុំ ។ ស្អីទៀតហើយ ខ្ញុំត្រូវរង់ចាំលោកគ្រូមាត់លឺហ្នឹងទៀតហើយ? នេះជាសំណួរដែលខ្ញុំឆ្ងល់និងបានត្រឹមតែសួរក្នុងចិត្តតែប៉ុណ្ណោះ ។ រាល់ពេលដែលខ្ញុំបានសួរទៅលោកគ្រូមាត់លឺថា តើពេលណាទើបធ្វើតេស្តខ្ញុំ? គាត់មិនដែលឆ្លើយទេ ហើយដើរចេញយកលេសទៅពន្យល់អ្នក

ផ្សេង ។ ពេលវេលានៃខែទីបួន ជិតចប់ទៀតទៅហើយ ខ្ញុំនៅតែមិនទាន់បានធ្វើតេស្ត ចេះតែអង្គុយរំលឹកមេរៀនបណ្តើរៗ និងរង់ចាំពេលវេលាធ្វើតេស្តជារៀងរាល់ថ្ងៃ ។ គាត់មិនដែលឆ្លើយប្រាប់ខ្ញុំថា ត្រូវធ្វើតេស្តថ្ងៃណាទេ គាត់ចេះតែអោយខ្ញុំរំលឹកមើលមេរៀនឡើងវិញទៅ ត្រង់ណាមិនយល់សួរគាត់ ។
តើគាត់មិនចង់អោយខ្ញុំចាកចេញទេដឹង? តើគាត់កំពុងគិតអ្វីមកលើខ្ញុំ? តើគាត់ស្រឡាញ់ខ្ញុំទេដឹង? ខ្ញុំចង់ប្រាប់ថា ខ្ញុំក៏មានចិត្តស្រឡាញ់គាត់ដែរ? តែហេតុអ្វីបានជាគាត់មិនប្រាប់ខ្ញុំដោយផ្ទាល់មាត់ទៅ?
ទីបំផុតខ្ញុំត្រូវសំរេចចិត្តទៅសូមសាលាចេញវិញ្ញាបនបត្រ័អោយ ដោយមិនបានឆ្លងកាត់ការធ្វើតេស្តន៍ ខ្ញុំដឹងថាខ្ញុំធ្វើនេះដូចជាផ្គើននិងគាត់តែខ្ញុំគ្មានជំរើសទេ គឺខ្ញុំចាកចេញពីសាលាទាំងចិត្តអាឡោះអាល័យ ហើយនៅតែចងចាំក្នុងចិត្តជានិច្ចអំពីរូបគាត់ ។

(ខ្ញុំសរសេរអត្ថបទនេះដោយបានស្តាប់លឺនូវរឿងរ៉ាវរបស់នារីម្នាក់ដែលបាននិយាយប្រាប់ខ្ញុំ និង មានការបញ្ចេញបញ្ចូលនូវពាក្យពេចន៍ខ្លះ បើមានកន្លែងណាខុសឆ្គង ឬមិនសមរម្យសូមមេត្តា ខន្តីអភ័យទោស)
Khmer Fun.
វគ្គបន្តអាចនឹងត្រូវបានសរសេរឡើង ប្រសិនបើមានការគាំទ្រ …

ចុចតំណរភ្ជាប់នេះ ដើម្បីមើលបណ្តុំរូបថតរបស់ខ្ញុំ អរគុណ!

ខែតុលា 29, 2012 បញ្ចេញមតិ
ផ្កាត្រកួន

ស្នាមញញឹមថ្មីលើដែនដីចាស់

ខែកញ្ញា 21, 2012 បញ្ចេញមតិ

តំបន់ដែលហ៊ុំពទ្ធ័ទៅដោយព្រៃភ្នំ ព្រែក និង សមុទ្រ បានធ្វើអោយកោះកុងក្លាយជាទឹកដីមួយដែលកាលពីមុនស្ទើតែគ្មានអ្នកណានឹកនាដល់ ។ ស្ថិតនៅផ្នែកនារតីនៃប្រទេស ខេត្តមួយនេះសឹងតែគ្មានសកម្មភាពអាជីវកម្ម រឺ ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនិងប្រជាជនឬតំបន់នៃខេត្តដែលមានព្រុំប្រទល់ជាប់គ្នា ។ ហេដ្ឋារចនាសម្ពន័្ធដែលតភ្ជាប់មកកាន់ខេត្តនេះ ស្ទើតែគ្មានទេ ។ ប្រជាជនអាចធ្វើដំណើរទៅកាន់ខេត្តនេះបាន តាមរយៈផ្លូវទឹកតែប៉ុណ្ណោះ ដែលអាចផ្សងនិងគ្រោះថ្នាក់នៅពេលមានព្យុះភ្លៀង ។ ដូចនេះ ភាគច្រើននៃប្រជាជនកម្ពុជាកាលនោះ ស្គាល់ខេត្តនេះ ត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយភាគច្រើនគ្មានអ្នកណាចាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅកាន់ខេត្តនេះឡើយ ។
នៅចុងឆ្នាំ ២០០៤ គឺជាឆ្នាំដែលខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ័ និង ក៏ជាពេលវេលាដែលខ្ញុំត្រូវរកការងារធ្វើដែរ ។ បំរើការងារនៅភ្នំពេញបានជាង កន្លះឆ្នាំ មានគេទំនាក់ទំនងអោយខ្ញុំទៅសាកល្បងធ្វើតេស្តនៅខេត្តកោះកុង ។ ដោយសារតែលក្ខខណ្ឌការងារ និង កំរិតប្រាក់បៀវត្សខ្ពស់ជាងនៅភ្នំពេញ និងដោយសារចង់ស្គាល់ទឹកដីខេត្តកោះកុង ក៏ដូចជាចង់រកឱកាសដើម្បីប្រកបអាជីវកម្មផង ខ្ញុំបានសំរេចចិត្តទៅធ្វើតេស្តនៅទីនោះ ដោយស្ទាក់ស្ទើរ និង លួចលាក់ដោយមិនអោយបងប្អូនសាច់ញាតិដឹងឡើយ ។ ដឹងទេថាមកពីហេតុអ្វី? ពីព្រោះ បើពួកគាត់ដឹង គាត់នឹងហាមឃាត់មិនអោយខ្ញុំទៅទេ ដោយសំអាងជាខេត្តដាច់ស្រយាល ។
វាជាសំណាងល្អឬយ៉ាងណាក៏ខ្ញុំមិនដឹងដែរ ដោយពេលដែលខ្ញុំត្រូវចេញដំណើរទៅកោះកុងនោះ គេកំពុងស្ថាបនាផ្លូវជាតិដែលតភ្ជាប់ខេត្តកោះកុង មកផ្លូវបំបែកស្រែអំបឹល ។ ការធ្វើដំណើរគឺបានងាយស្រួលជាងមុនបន្តិចដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវទឹកទេ ។ តំលៃសោហ៊ុយសំរាប់ការធ្វើដំណើរពេលនោះ គឺ ៤០០០០ រៀលសំរាប់មនុស្សម្នាក់ ។ មុនពេលចេញដំណើរ ខ្ញុំមានអារម្មណ៍បុកពោះ ស្រពិចស្រពឹល ព្រោះមិនដែលបានធ្វើដំណើរផ្លូវឆ្ងាយតែម្នាក់ឯងនោះទេ ណាមួយកោះកុងជាទឹកដីថ្មីសុទ្ធសាធសំរាប់ខ្ញុំ ។ លឺតាមតែគេប្រាប់ គេថាខ្ញុំនឹងត្រូវជិះកាត់តំបន់ព្រៃដ៏ក្រាស់ ផ្លូវបត់បែនដូចអន្ទង់អាំង ងាយនឹងជួបគ្រោះថ្នាក់ទៀត ។ អារម្មណ៍ភ័យអរ ភ័យអរ កំពុងតែកើតមានក្នុងចិត្ត តែខ្ញុំបានតាំងចិត្តថា ត្រូវតែក្លាហានក្នុងការធ្វើដំណើរដើម្បីធ្វើតេស្តនេះ ។ ខ្ញុំដឹងថាទោះជាជាប់ឬធ្លាក់ ក៏មិនជាបញ្ហាដែរ ពីព្រោះទោះជាជាប់ ខ្ញុំក៏ប្រហែលជាមិនបាននៅធ្វើការនៅទីនោះជាប្រាកដ ។

ដល់ផ្លូវបំបែកស្រែអំបឹល ខ្ញុំមានអារម្មណ៍មួយប្លែកកើតឡើង ។ កាលពីមុនអោយតែដល់ផ្លូវនេះ ខ្ញុំតែងតែគិតថា តើផ្លូវបំបែកទៅស្រែអំបឹលហ្នឹង គេបោះបង់ចោលរឺយ៉ាងណា ពីព្រោះកំរឃើញមានយានយន្តបត់ចូលឡើងទៅផ្លូវហ្នឹងណាស់ ។ ឥលូវខ្ញុំបានជិះតាមផ្លូវហ្នឹងហើយ តើទិដ្ឋភាពអ្វីខ្លះដែលខ្ញុំអាចនឹងឃើញ? ។ ចេញផុតពីផ្លូវនេះបានបន្តិច
ទិដ្ឋភាពតាមដងផ្លូវហាក់ដូចជាខុសប្លែកពីផ្លូវទៅក្រុងព្រះសីហនុ ។ ជិះកាត់តាមប្របជើងភ្នំ គឺ ជាទេសភាពមួយប្លែកសំរាប់ខ្ញុំពិតមែន ។ រវល់តែដិតអារម្មណ៍និងទេសភាពទាំងនេះ ខ្ញុំបានមកដល់ព្រែកទី១ ដែលគេហៅថា ព្រែកស្រែអំបឹល ។ ដល់ទីនេះយើងត្រូវរង់ចាំសាឡាងដែលរត់ឆ្លងកាត់ព្រែកចំលងអ្នកដំណើរទៅមក ។ មកដល់ត្រឹមនេះ ទើបខ្ញុំយល់ថា តំលៃធ្វើដំណើរ ៤០០០០ រៀល ក្នុងអ្នកដំណើរម្នាក់មិនថ្លៃទេ ពីព្រោះអ្នកបើកតាក់ស៊ី គាត់ត្រូវបង់ថ្លៃសាឡាង ១០០០០ រៀល ក្នុង ១ លើក ហើយលឺថាត្រូវឆ្លងដល់ទៅ ៤ លើកឯណោះ ដើម្បី ឆ្លងកាត់ព្រែកចំនួន ៤ ទើបបានដល់ទឹកដីនៃទីរួមខេត្តកោះកុង ព្រែកទាំង៤នោះរួមមាន ព្រែកស្រែអំបឹល ព្រែកអណ្តូងទឹក ព្រែកត្រពាំងរូង និង ព្រែកតាតៃ ។

ដូចទៅនិងអ្វីដែលខ្ញុំបានលឺពីមុនពិតមែន ។ លើផ្លូវដែលគេកំពុងស្ថាបនានៅគ្រួសក្រហមនៅឡើយ ខ្ញុំបានធ្វើដំណើរកាត់ព្រៃវាលខ្ពង់រាប ជាបន្តបន្ទាប់ រហូតដល់ជិះកាត់តំបន់ប្រជុំភ្នំក្រវ៉ាញ ដែលមានព្រៃក្រាស់ឃ្មឹក និងគួរអោយខ្លាច ។ តាមពាក្យបណ្តាំរបស់យាយខ្ញុំ គាត់ត្រូវអោយប្រយត្ន័មាត់ករ បន្តិចនៅពេលធ្វើដំណើរតាមព្រៃភ្នំ ។ ខ្ញុំធ្វើតាមគាត់ ដោយមិនហ៊ាននិយាយអ្វីច្រើនទេ រក្សាភាពស្ងៀមស្ងាត់ និង ផ្តោតអារម្មណ៍ជក់ចិត្ត រំភើបរីករាយទៅនិងទេសភាព ដ៏អស្ចារ្យដែលខ្ញុំមិនបានធ្លាប់ឃើញពីមុន ។ ផ្ទាំងថ្មធំៗ ដែលក្រុមស្ថាបនាផ្លូវបានបំបែកដើម្បីកសាងផ្លូវ នៅរកេតរកូតអមសងខាងផ្លូវ ។ សប្បាយអារម្មណ៍វាសប្បាយទៅហើយ តែកូនចិត្តមួយនឹកថា ប្រសិនបើផ្ទាំងថ្មទាំងនោះបាក់រលំមក មិនដឹងជាសល់ឆ្អឹងរឺអត់ទេខ្ញុំ ហើយចុះបើឡានខូចកណ្តាលផ្លូវមិនដឹងជាស្រែកអោយអ្នកណាជួយទេ បើនៅកណ្តាលព្រៃដ៏ក្រាស់ និង ពទ្ធ័ទៅដោយភ្នំទៀត ។ ផ្លូវពិតជារដឹបរដុបនិងរអឹល ។ អ្នកបើកតាក់ស៊ី គាត់មានជំនាញនិងស្គាល់ផ្លូវយ៉ាងច្បាស់ ធ្វើអោយខ្ញុំមានទំនុកចិត្តលើគាត់ ក៏ប៉ុន្តែនៅតែលួចបន់និងបួងសួងក្នុងចិត្ត សូមអោយជួបតែសុវត្ថិភាព ។ ផ្លូវចំណោត និង ផ្លូវដែលជិះឡើងភ្នំវិញ គឺគួរអោយស្រៀវស្រើប ។ ផ្លូវអន្ទង់អាំង បត់បែនយ៉ាងច្រើនកន្លែង បើអ្នកមិនស្គាល់ផ្លូវនេះច្បាស់ គឺអាចនឹងងាយជួបគ្រោះថ្នាក់ណាស់ ។ តែទេសភាពតាមដងផ្លូវ ជួយបន្ធូរបន្ថយអារម្មណ៍នៃការភ័យខ្លាច និង ស្រមើស្រម៉ៃគិតផ្តេសផ្តាសរបស់ខ្ញុំ ។ ទីបំផុតខ្ញុំបានឃើញទឹកដីនៃទីរួមខេត្តកោះកុង លឹមៗហើយ ហើយខ្ញុំក៏បានចេញផុតពីតំបន់ព្រៃភ្នំហើយដែរ ។ រឿងដែលមិនគួរអោយជឿ គឺគ្រាន់តែចេញផុតពីតំបន់ព្រៃដ៏ក្រាស់នេះ គឺសល់តែប៉ុន្មានគីឡូម៉ែត្រទៀត ដល់ទីរួមខេត្តកោះកុងហើយ ។ បារម្ភទៀតហើយខ្ញុំ ពីព្រោះដូចបានប្រាប់ពីដើមទីអញ្ចឹង ខ្ញុំមិនដែលធ្វើដំណើរផ្លូវឆ្ងាយតែឯងទេ ពេលនេះមិនដឹងជាទៅទីណាទេ បុកពោះភឹបៗ ។ ចុះពីតាក់ស៊ីខ្ញុំបានសួរទៅអ្នកបើកតាក់ស៊ី តើកន្លែងដែលយើងឈប់នេះ គេហៅអីគេ គាត់ថានេះគឺជាគល់ស្ពានកោះកុង ។
ស្ពាននេះគឺ ពិតជាវែងមែនឆ្លងកាត់ព្រែកមួយយ៉ាងធំ ។ លឺថាស្ពាននេះមានប្រវែងជាង ២ គីឡូម៉ែត្រឯណោះ ។ ខ្ញុំបានទូរសព្ធ័ទៅពូខ្ញុំអោយមកយកខ្ញុំនៅគល់ស្ពាននេះ ។
សំរាកនៅផ្ទះពូខ្ញុំមួយយប់ ព្រឹកឡើងខ្ញុំបានរៀបចំខ្លួនដើម្បី ទៅសំភាសន៍តែម្តង ។ ក្នុងកំឡុងពេលសំភាសន៍ អ្នកចាត់ការទូទៅនៅកន្លែងដែលខ្ញុំត្រូវសំភាសន៍ គាត់សួរថា តើខ្ញុំចេះភាសារថៃដែរទេ? ខ្ញុំងឿងឆ្ងល់ ហើយឆ្លើយថា មិនចេះទេ ។ គាត់និយាយប៉ៃឡាំៗ មកកាន់ខ្ញុំទៀតថា អញ្ចឹងលំបាកណាស់ ។ រួចគាត់បានអោយខ្ញុំទៅជួបសំភាសន៍និងបងស្រីម្នាក់ ។ ពេលសំភាសន៍រួចរាល់ បងស្រីម្នាក់នោះ គាត់បានសូមពេលខ្ញុំខ្លះដើម្បីពិភាក្សាគ្នាលេង ។ គាត់សួរខ្ញុំជាច្រើនសំណួរ ។ មួយសំណួរក្នុងចំណោមសំណូរទាំងនោះ គឺ ហេតុអ្វី បានជាប្អូនចង់មកបំរើការងារនៅទីនេះ? វាដាច់ស្រយាល ឱកាសបន្តកាសិក្សា រឺ អភិវឌ្ឍន៍ខ្លួនឯងសំរាប់ការងារអនាគត គឺស្ទើតែគ្មាន ។ ខ្ញុំភ្ញាក់ អារម្មណ៍ព្រើត ចំពោះ សំណួរនិងពាក្យសំដីរបស់គាត់ ។ ធ្វើអោយអារម្មណ៍ស្ទាក់ស្ទើររបស់ខ្ញុំកាលពីមុន កើតមានឡើងវិញ ហើយជំរុញអោយខ្ញុំរារែកក្នុងការសំរេចចិត្តទទួលយកនូវការងារនេះ ។ គាត់បន្ថែមថា បងក៏នឹងកំពុងរកឱកាសដើម្បីទៅធ្វើការនៅភ្នំពេញវិញដែរ ។ គាត់សូមអោយខ្ញុំពិចារណាម្តងទៀត ។ ខ្ញុំក៏ទទួលយកពាក្យគាត់ ហើយក៏សួរ១សំណួរទៅ គាត់វិញ “ហេតុអីបានជាលោកពូម្នាក់ដែលជាប្រធានបង សួរខ្ញុំថាចេះភាសារថៃរឺអត់?” ។ សំណួរនេះ វារាងប្លែកនិងមិនគួរអោយសួរទេ តែចេះតែសួរៗទៅព្រោះចង់ដឹងទៅហើយ ។ គាត់ឆ្លើយតបយ៉ាងដូចនេះ “នៅទីនេះ អ្នកគ្រប់គ្រងមួយចំនួនជាជនជាតិថៃ តែគាត់ចេះខ្មែរនិងនិយាយមិនសូវច្បាស់ទេ ។ ភ្ញៀវដែលមកទីនេះ ក៏ភាគច្រើនសុទ្ធតែជាជនជាតិថៃដែរ ដូចនេះការដែលចេះភាសារថៃគឺសំរួលបានច្រើនក្នុងការងារ” ។ អស់សំណួរ ខ្ញុំក៏ជំរាបលាគាត់ តែគាត់នៅ មិនភ្លេចផ្តាំខ្ញុំថា អោយខ្ញុំពិចារណាឡើងវិញ ។

ចេញពីសំភាសន៍ ខ្ញុំបានដើរមកមាត់ផ្លូវដើម្បីរកម៉ូតូឌុបជិះត្រឡប់ទៅផ្ទះពូខ្ញុំវិញ ។ ឈរមួយសន្ទុះមិនឃើញមានម៉ូតូឌុបសោះ ឃើញតែម៉ូតូស៊េរីទំនើបៗ ដែលជិះទៅមក ហើយពួកគាត់ចេះតែងាកមើលខ្ញុំ ។ បន្ទាប់មកខ្ញុំក៏សំរេចចិត្តដើរទៅមុខ បានប្រហែលជាជាង ១០ ម៉ែត្រ ទើបមានអ្នកជីះម៉ូតូអាសង់មួយមកពីខាងមុខខ្ញុំហើយស្រែកសួរថាខ្ញុំត្រូវការម៉ូតូឌុបអត់ ។ ខ្ញុំឆ្លើយថា បាទ រួចក៏ចចារតំលៃជិះ ។ ខ្ញុំសួរថា បងយកថ្លៃប៉ុន្មានពីទីនេះ ទៅដល់គោលដៅដែលខ្ញុំត្រូវទៅ? (សូមលាក់ឈ្មោះទីតាំង) ។ គាត់ថា ១០ បាត ។ ខ្ញុំងីងើ រួចសួរ ស្រុកខ្មែរសោះចាយលុយបាតថៃចឹង? ខ្ញុំគ្មានទេ គិតជាប្រាក់រៀលទៅ ។ គាត់សើចញឹមៗ រួចថា ចឹង ១២០០ រៀល ខ្ញុំក៏ព្រម ។ ជិះតាមផ្លូវខ្ញុំនិយាយលេងជាមួយគាត់ ដូចជាខ្ញុំមិនហ៊ានហៅ ម៉ូតូឌុបជិះទេ ពីព្រោះមើលទៅសុទ្ធតែម៉ូតូថ្លៃៗ ស្មានតែមិនមែនរត់ឌុប ។

ថ្ងៃឡើង ពូខ្ញុំបានជូនទៅដាក់នៅសួនកំសាន្តខេត្តកោះកុង គឺសួនសត្វ សាហ្វារីវើល ។ ពេលថ្ងៃអញ្ចឹង និង មិនមែន ឱកាសបុណ្យទាន រឺ ថ្ងៃសៅរ៍ អាទិត្យទៀត ចំនួនភ្ញៀវចូលសួនកំសាន្តមានចំនួនតិច គឺ មានតែខ្ញុំ និង ភ្ញៀវមួយក្រុម
ទៀតដែលមានគ្នា ៤-៥ នាក់ ។ តំលៃសំបុត្រត្រូវគិតជាប្រាក់បាតទៀតហើយ គឺ មានតំលៃ ២០០ បាត ។ ខ្ញុំឆ្លើយដដែល ខ្ញុំគ្មានប្រាក់បាតទេ មានតែប្រាក់រៀល ។ អ្នកលក់សំបុត្រយកម៉ាស៊ីនគិតលេងមកចុចមួយភ្លែត ក៏ឆ្លើយថា តំលៃ ២៥០០០ រៀល ។ តាមខ្ញុំដឹងអត្រាប្តូរប្រាក់ គឺស្មើគ្នាទេ ដូចនេះតំលៃប្រហែលជា ២០០០០ រៀលអីហ្នឹង តែអ្នកលក់សំបុត្រឆ្លើយថា បើទូទាត់ជាប្រាក់រៀល ត្រូវទូទាត់ដូចនេះហើយ ពីព្រោះជៀសវៀងការខាតបង់ដោយការឡើងចុះនៃអត្រាប្តូរប្រាក់ ។ ហួសចិត្តហើយ នៅស្រុកខ្មែរសោះ ចាយលុយរៀល គេគិតពិន័យច្រើនជាងប្រាក់បាតថៃ ។ ចូលដល់សួនកំសាន្ត ដោយសារតែភ្ញៀវមួយក្រុមនោះជាជនជាតិថៃ ពិធីករសំដែរបាននិយាយតែភាសារថៃ រួចម្តងម្កាល គាត់និយាយភាសារខ្មែរ (ដោយសារមានតែខ្ញុំជាខ្មែរ) ។ វិលមុខទៀតហើយ ស្តាប់មិនយល់គេនិយាយអី តែខ្ញុំរំភើប និង សើចសប្បាយទៅតាមកាយវិការរបស់អ្នកសំដែង ។ មើលបានការសំដែងចំនួនពីរ ក្រុមជនជាតិថៃនោះ បានចាកចេញទៅ សល់តែខ្ញុំទេ ដែលដើរពេញសួនទៅតាមសំលេងម៉ាយក្រូហ្វូន និង ប្លង់នៅលើសំបុត្រសំរាប់មើលការសំដែង ។ ទីបំផុត ពិធីករនិយាយភាសារជាតិយើងហើយ ហេហេ ។ ខ្ញុំពិតជាសសើរនូវសេវាកម្មរបស់សួនកំសាន្តនេះណាស់ ពីព្រោះសូម្បីតែភ្ញៀវទស្សនា មានតែខ្ញុំម្នាក់ឯង ក៏គេសំដែងអោយមើលដែរ ។ ខ្ញុំពិតជាសប្បាយចិត្តពិតមែន ដោយបានចូលរួមលេងកំសាន្តជាមួយក្រុមសំដែង និង សត្វដែលជាតួអង្គក្នុងកម្មវិធី ។ តាមការអោយដឹងរបស់ពីធីករ គឺរាល់ថ្ងៃ ចំនួនភ្ញៀវដែលមកពីខាងថៃមានចំនួនច្រើនលើសលប់ ហើយភ្ញៀវជាតិមានចំនួនតិច ដូចនេះទើបការអធិប្បាយត្រូវបានធ្វើឡើងជាភាសារថៃ ។

ទីបំផុត ខ្ញុំបានរកឃើញរឿងមួយ ទាក់ទិននិងភាពមន្ទឹលរបស់ខ្ញុំ ។ ដោយសារកំសោយនៃហេដ្ឋារចនាសម្ពន្ធ័ ធ្វើអោយ ខេត្តកោះកុង ស្ទើតែ ត្រូវបានផ្តាច់ខឿនសេដ្ឋកិច្ចជាមួយនិង ខេត្តជិតខាងក្នុងប្រទេសរបស់ខ្លួន ហើយ ពឹងផ្អែកស្ទើតែ
៨០ ភាគរយ ទៅលើទំនាក់ទំនងដោះដូរសេដ្ឋកិច្ចជាមួយប្រទេសថៃ ជាដើមហេតុ ធ្វើអោយភាសារថៃត្រូវបានប្រើប្រាស់នៅកន្លែងដែលខ្ញុំទៅសំភាសន៍ សូម្បីតែសួនកំសាន្តកោះកុង សាហ្វារី វើល ក៏ពិធីករប្រើប្រាស់ភាសារថៃដែរ ។ លុយបាត ក៏ត្រូវបានចរាចរច្រើនជាងរូបិយបណ្ណ័របស់ជាតិទៅទៀត ។ ថ្វីត្បិតតែខ្ញុំមិនសូវសប្បាយចិត្តនិងបញ្ហានេះ តែគ្មានជំរើសទេ ហើយខ្ញុំគិតថាប្រជាជននិងអាជីករនៅទីនោះក៏មិនចង់ធ្វើអញ្ចឹងដែរ ។ គួរអោយស្តាយដែលខ្ញុំបានលុបចោល និង ធ្វើការសំរេចចិត្តមិនទៅបំរើការងារនៅទីនោះទេ ដោយសារយាយនិងសាច់ញាតិរបស់ខ្ញុំគាត់ដឹង ហើយទូរសព្ទ័ហៅភ្លាមៗ មិនអោយនៅទីនោះ ចិត្តខ្ញុំក៏ដូចគ្នា គឺលែងចង់បំរើការងារនៅទីនោះហើយ ដូចនេះក៏សំរេចចិត្តវិលត្រឡប់មកភ្នំពេញវិញនៅថ្ងៃទីបី ។

រយៈពេលប្រហែលជា ២-៣ ឆ្នាំ ក្រោយមក ខ្ញុំបានទៅខេត្តកោះកុងម្តងទៀត តែលើកនេះមិនមែនទៅក្នុងគោលបំណងសំភាសន៍ការងារទៀតទេ គឺទៅដើម្បីទេសចរណ៍ជាមួយគ្រួសារម្តាយមីង ។ ការស្ថាបនាផ្លូវនៅ មិនទាន់បានបញ្ចប់១០០ ភាគរយនៅឡើយទេ គឺនៅសល់ស្ពានឆ្លងព្រែកទាំង៤ដែលគេស្ថាបនាហើយមិនទាន់រួចរាល់ទាំងស្រុង ។ ប៉ុន្តែក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ គេបានបើកអោយប្រើប្រាស់ផ្លូវនេះជាបណ្តោះអាសន្នដើម្បីអោយបងប្អូនប្រជាជនខ្មែរយើង បានទៅទស្សនា កំសាន្ត និង ស្គាល់ខេត្តកោះកុង ។ ផ្ទុយស្រឡះពីលើកមុនដែលខ្ញុំបានទៅ ផ្លូវដែលស្ងាត់ជ្រងុំ យូរៗទើបឃើញមានយានយន្តមួយឆ្លងកាត់បញ្ច្រាសគ្នានិងតាក់ស៊ីដែលខ្ញុំជិះ ពេលនេះគឺមានរថយន្ត យានយន្តយ៉ាងច្រើនបន្តកន្ទុយគ្នាឥតដាច់ធ្វើដំណើរលើផ្លូវដែលគេទើបស្ថាបនារួច ទៅកាន់ខេត្តកោះកុង ។ សភាពអ៊ូអរ និង ទេសភាពតាមដងផ្លូវ ធ្វើអោយក្រុមអ្នកធ្វើដំណើរទទួលបានអារម្មណ៍ស្រស់ស្រាយ រីករាយ និង ទិដ្ឋភាពថ្មី ដែលគេទើបតែពើបប្រទះ ។ នៅទីរួមខេត្ត និង តាមតំបន់រម្មណីដ្ឋាន នានា ក្នុងខេត្តកោះកុង គឺពោរពេញដោយហ្វូងមនុស្សកកកុញ ។ សណ្ថាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ពោពេញទៅដោយហ្វូងមនុស្សប្រជ្រៀតគ្នា ។ ដោយសារចំនួនភ្ញៀវសំរុកទៅច្រើនលើសលុបពេក ធ្វើអោយសណ្ថាគារ ផ្ទះសំណាក់ ត្រូវបានជួលគ្មានសល់ ជាហេតុធ្វើអោយបងប្អូនមួយចំនួន ត្រូវស្នាក់នៅតាមរថយន្តរបស់គាត់ ក្រាលកន្ទេល ប្រក់តង់នៅតាមដងផ្លូវ ។ វាមិនមែនជាភាពអាម៉ាស់ដែលថាគាត់គ្មានប្រាក់គេងនៅសណ្ថាគាររឺផ្ទះសំណាក់នោះទេ គឺមកពីគ្មានបន្ទប់សល់សំរាប់ពួកគាត់ ។ ថ្វីត្បិតតែបែបនេះ តែពួកគាត់បានបង្ហាញនូវស្នាមញញឹមលើផ្ទែមុខ និង ហួសចិត្តពីចំនួនមនុស្សដ៏ច្រើនកុះករ ។ ខុសពីពេលមុន ដែលភ្ញៀវភាគច្រើនជាជនជាតិថៃ ពេលនេះគឺពោរពេញដោយបងប្អូនជនរួមជាតិខ្មែរនៅគ្រប់រម្មណីដ្ឋាន ។ ទោះយ៉ាងណា ក៏នៅមានជនជាតិថៃយ៉ាងច្រើនកុះករចូលមកកំសាន្តនៅខេត្តកោះកុងរបស់យើងនាពេលនោះដែរ ។ តាមស្ថិតិអោយដឹង ក្នុងឱកាសនាពេលនោះ គឺមានអ្នកទេសចរជាតិជាង ១០០ ០០០ នាក់ បានទៅកំសាន្តនៅខេត្តកោះកុង ។

សម័យបច្ចុប្បន្ន ខេត្តកោះកុង លែងត្រូវបានកាត់ផ្តាច់ចេញពីទំនាក់ទំនងជាមួយខេត្តផ្សេងៗទៀត នៃប្រទេសកម្ពុជាយើងហើយ ។ អរគុណដល់រដ្ឋាភិបាលដែលបានកសាងផ្លូវ ដែលជាហេដ្ឋារចនាសម្ពន្ធ័និងសសៃឈាមដ៏សំខាន់ សំរាប់ញ៉ាំងអោយប្រជាជនងាយធ្វើដំណើរទៅកាន់ខេត្តកោះកុង ។ សុវត្ថិភាព និង ស្ថេរភាពសង្គម ធ្វើអោយមានភាពកក់ក្តៅដល់ប្រជាជន ធ្វើដំណើរទៅមកមិនថាយប់រឺថ្ងៃ គឺបានទាំងអស់ ។ ខេត្តកោះកុងលែងឯកោដូចមុនទៀតហើយ ដែលនាំមកនូវស្នាមញញឹមជាថ្មី ដល់ប្រជាជននិងខេត្តមួយនេះ ។

ខែសីហា 17, 2012 បញ្ចេញមតិ

មិន​មែនបង​នឹក​គេ

ខែ​ឧសភា 5, 2012 បញ្ចេញមតិ

គ្មាន​ចំណង​ជើង​

ខែ​មីនា 22, 2012 បញ្ចេញមតិ
១. ស្តាយខ្លួនជាស្រី ក្នុងវ័យជំទង់ នៅក្មេងគំនិតខ្លៅល្ងង់ នាំខ្លួនអោយលង់ក្នុងរឿងស្នេហា ភ្លើតភ្លើនខុសផ្លូវ នាំចិត្តខោ្លចផ្សារ អ្នកផងជេរស្តីនិន្ទា រឺជាវេរាសំរាប់រូបខ្ញុំ។
២. សែនស្តាយដួងចិត្ត ស្តាយព្រហ្មចារីយ៍ រស់នៅសែនខ្មាសលោកីយ៍ ជិវិតអប្រីយ៍ជួបនិងទុក្ខធំ ស្នេហ៍ចំប្រុសក្បត់ សាវាដោះដៃ រេចិត្តប្រែប្រួលពីរបី បញ្ចប់និស្ស័យអោយស្រីទឹកភ្នែក។
R. បន្ទោសអ្នកណា ខ្ញុំល្ងង់ខ្លួនឯង អនិច្ចា ទ្រូងសែនចំបែង រស់ដូចជាផ្សែង រសាត់គ្មានត្រើយ នេះកំហុសខ្ញុំកែមិនបានឡើយ ទឹកភ្នែកហូរគ្មានពេលស្បើយ ឱខ្លួនខ្ញុំអើយត្រូវធ្វើយ៉ាងណា។
៣. ណ្ហើយកាត់ចិត្តចុះ លាប្រុសអប្រីយ៍ តាំងចិត្តរស់នៅជាថ្មី លាងបាននិស្ស័យកសាងវាសនា តាំងចិត្តអោយមាំ ស៊ូទ្រាំពុះពារ ក្តីទុក្ខខ្ញុំសូមស្មាលា ឈប់ឈឺគ្រាំគ្រា ស្នេហាឥតន័យ។

នឹកអូន​ណាស់​

ខែ​មីនា 18, 2012 មតិ ១

1 យប់ណាស់ទៅហើយ អូនអើយដឹងទេបងនឹក យប់ថ្ងៃល្ងាចព្រឹក រលឹកនឹកតែរូបពៅ សំលឹងតារា រះឆ្ងាយទ្រូងសែនហ្មងសៅ ធ្វើម្តេចនឹងបានជិតពៅ បើពេលឥលូវគ្មានភព្វវាសនា។

២. អាធ្រាតស្ងាត់សូន្យ អូនអើយបងសែនចំបែង កណ្តោចកណ្តែង សង្រេងអារម្មឯកា ស្រឡាញ់មនុស្សម្នាក់ អួលអាក់ទ្រូងរែងខ្លោចផ្សារ ស្រម៉ៃតែវង្សភក្រ្តា លង់ជ្រៅរណ្តៅស្នេហាគ្មានន័យ។

R. ចង់ទូរសព្ទ័សួរ តែខ្លាចមិនគួរក្នុងពេលរាត្រី ផ្ញើសារទៅស្រី ខ្លាចអូនកាត់ន័យថាបងមិនល្អ បងនឹកអូនណាស់ ស្រឡាញ់អូនណាស់ដោយចិត្តស្មោះស ចិត្តបងចង់ស្រែកអង្វរ ផ្តាំតាមព្រះពាយអោយជួយប្រាប់ថ្លៃ។

៣. គេងហើយរឺនៅ ពៅអើយមាននឹកបងទេ ទ្រូងបងឥតល្ហែ ព្រោះតែក្តីស្នេហ៍ពិសី នឹកបងខ្លះផង អោយទ្រូងបងផុតទុក្ខរីងរៃ ជាតិនេះប៉ងគូនិស្ស័យ គឺបងនិងស្រីជាគូជីវិត។