អនុស្សាវរីយ៍១
អស់រយៈកាលជាង៥ឆ្នាំមកហើយដែលខ្ញុំបានបញ្ចប់ការសិក្សាវគ្គខ្លី នៅសាលារៀនឯកជនមួយ ហើយនេះក៏ជារយៈពេលមួយដែរ ដែលខ្ញុំបានបែកពីមនុស្សម្នាក់ដែលខ្ញុំតែងតែនឹក និង មិនដែល សូម្បីតែគិតថារូបរបស់គេស្ថិតនៅក្នុងដួងចិត្តនិងការគិតរបស់ខ្ញុំរហូតមក ។ រយៈពេលយូរយ៉ាងនេះខ្ញុំចាំរូបគេសឹងតែមិនច្បាស់ថា តើគេមានមុខមាត់យ៉ាងណានោះទេ ក៏ប៉ុន្តែស្រមោលរបស់គេ និង ពាក្យសំដីរបស់គេគឺស្ថិតនៅក្នុងបេះដូងនិងដួងចិត្តរបស់ខ្ញុំជានិច្ច ។
នៅចុងឆ្នាំ ២០០៧ ដើម្បីបំប៉នលើចំណេះដឹងដែលនាងខ្ញុំធ្លាប់រៀននៅមហាវិទ្យាល័យ នាងខ្ញុំបានចូលរៀនសិក្សាវគ្គកំព្យូទ័របន្ថែម ។ កន្លះខែកន្លងផុតទៅហើយដែលខ្ញុំបានចាប់ផ្តើមចូលរៀន ចេះខ្លះមិនចេះខ្លះ យល់ខ្លះមិនយល់ខ្លះទៅតាមដំណើរ ។ ចៃដន្យថ្ងៃមួយនាងខ្ញុំបានទៅសាលាមុនម៉ោង ហើយក៏បានឈរលេងនៅមុខថ្នាក់ប្រហែលជា ៥ នាទី ។ មានសំលេងជជែកគ្នានិងសើចក្អាកក្អាយនៅខាងចុងម្ខាងនៃអាគារដែលនាងខ្ញុំរៀន ។ នាងខ្ញុំក្រឡេកចោលភ្នែកទៅឃើញសិស្សមួយក្រុមមានប្រុសមានស្រីកំពុងជជែកគ្នាយ៉ាងសប្បាយ ។ ខណៈដែលអ្នកទាំងនោះកំពុងអង្គុយ រំពេចន៍នោះនាងខ្ញុំបានផ្តោតអារម្មណ៍ទៅលើបុរសម្នាក់ដែលឈរនិយាយនិងទំនងជាពូកែវោហារជាងគេ ។ នាងខ្ញុំក៏មិនបានជាចាប់អារម្មណ៍យកចិត្តទុក្ខដាក់អ្វីដែរ ហើយក៏ដើរចូលបន្ទប់រៀនតាមធម្មតា ។
ពីរថ្ងៃបន្ទាប់ នាងខ្ញុំបានចូលរៀនដូចសព្វមួយដង ។ នាងខ្ញុំបានអនុវត្តមេរៀនកំព្យូទ័រប្រហែលជាបានកន្លះម៉ោង មានចំណុចមួយចំនួនដែលគាំងធ្វើអោយនាងខ្ញុំមិនយល់ ។ នាងខ្ញុំក៏បានក្រឡេកមើលឆ្វេងស្តាំ ដើម្បីរកគ្រូមកពន្យល់និងប្រាប់បង្ហាញ ។ ពេលនោះរឿងមួយដែលធ្វើអោយនាងខ្ញុំភ្ញាក់ផ្អើលគឺបុរសម្នាក់ ដែលមានសំលេងលឺជាងគេនិងបានឈជជែកគ្នាកាលពីថ្ងៃមុន ស្រាប់តែមានវត្តមាននៅក្នុងបន្ទប់រៀននេះដែរ ។ ខ្ញុំក៏មិនចាប់អារម្មណ៍ថាគាត់គឺជាអ្នកណា ហើយមកធ្វើអីក្នុងបន្ទប់រៀននេះទេ ខ្ញុំបានលើកដៃឡើងដើម្បីបញ្ជាក់ថាខ្ញុំជាប់គាំងនិងមេរៀនហើយត្រូវការគ្រូមកជំនួយ រួចនាងខ្ញុំក៏ងាកមកមើលសៀវភៅនិងកំព្យូទ័រវិញ ដោយរង់ចាំគ្រូមកជូយបង្ហាត់បង្ហាញ ។
ប្រហែលជាពីរនាទីបន្ទាប់ សំលេងមួយបានបន្លឺឡើងនៅពីក្រោយខ្នងខ្ញុំ “តើមិនយល់ឬមានបញ្ហាត្រង់ណា?” ខ្ញុំក៏បានឆ្លើយប្រាប់ពីចំណុចដែលនាងខ្ញុំជាប់គាំងដោយមិនបានងាកមុខមើលម្ចាស់សំលេងឡើយ ។ ដៃមួយក៏បានលូកមកកាន់អេក្រង់កុំព្យូទ័ររបស់ខ្ញុំ ហើយបានប្រាប់ពីចំណុចដែលត្រូវធ្វើនិងដោះស្រាយលំហាត់នោះ ។ ខ្ញុំក៏រាង្គងាកចេញបន្តិចហើយចោលភ្នែកមើលទៅម្ចាស់ដៃនិងសំលេង ពិតណាស់នោះគឺជាបុរសម្នាក់នោះឯង តាមពិតគេគឺជាគ្រូបង្រៀនមុខវិជ្ជាកំព្យូទ័រនេះឯង តែអ្វីដែលខ្ញុំឆ្ងល់ទំនងមើលទៅគាត់បង្រៀននៅទីនេះយូរហើយ តើហេតុអ្វីបានជាមិនដែលឃើញ? ខ្ញុំក៏បាននិយាយពាក្យអរគុណទៅកាន់គាត់ ហើយបន្តធ្វើលំហាត់ជាបន្ត ។
ចាប់តាំងពីថ្ងៃនោះមក គាត់តែងតែចូលមកបង្រៀននៅក្នុងបន្ទប់ខ្ញុំជារៀងរាល់ថ្ងៃ គាត់ពន្យល់ បានល្អ និង ងាយយល់ ។ ពេលដែលគ្រូដទៃទៀតរវល់ គាត់តែងតែមកពន្យល់ខ្ញុំជាញឹកញាប់ ។ មិនដឹងជាគាត់ចង់បន្លំឬយ៉ាងណានោះទេ ជួនកាលនៅពេលដែលខ្ញុំសួរគាត់ពីរបៀប អនុវត្តន៍កំព្យូទ័រ គាត់តែងតែចាប់កាន់ដៃខ្ញុំដើម្បីបញ្ជារ Mouse របស់កុំព្យូទ័រ រហូតដល់ពេលខ្លះខ្ញុំមានអារម្មណ៍អៀននិងប្រញ៉ាប់ដកដៃចេញនៅពេលដែលគាត់បំរុងនិងចាប់កាន់ Mouse តែពេលខ្លះខ្ញុំបែជាមានអារម្មណ៍រីករាយទៅវិញនៅពេលដែលគាត់ធ្វើបែបនេះ ។ តើនេះជាអារម្មណ៍អ្វីទៅ? តាំងពីតូចក្រូចឆ្មារមកដៃខ្ញុំមិនដែលត្រូវបានគេប៉ះទេ តែពេលនេះគឺក្នុងហេតុផលពន្យល់មេរៀន បែរជាត្រូវបានគេចាប់ស្ទើរាល់ថ្ងៃទៅវិញ ។
ពេលខ្លះ រហូតដល់ខ្ញុំមានអារម្មណ៍ថា ទៅរៀនមនុស្សដែលខ្ញុំចង់ឃើញជាដំបូងគេ គឺរូបគាត់ហ្នឹងឯង ។ តើខ្ញុំឆ្កួតហើយមែនទេ? ពេលខ្លះដែលខ្ញុំមិនបានឃើញគាត់មកបង្រៀនខ្ញុំបែរជាគ្មានអារម្មណ៍រៀនទៅវិញ និងបន់អោយតែគាត់មកបង្ហាញមុខមួយភ្លែតក៏អស់ចិត្តដែរ ។
ពេលវេលាពិតជាលឿនរហ័សណាស់ មិនទាន់ដឹងអីផង ខ្ញុំរៀនបានពីរខែទៅហើយ ។ តែមានរឿងចំឡែកមួយបានកើតឡើងក្នុងម៉ោងសិក្សារបស់ខ្ញុំ គឺរាល់ពេលដែលខ្ញុំជាប់គាំង ត្រូវការគ្រូជួយបង្ហាត់បង្ហាញ ប្រសិនបើលោកគ្រូម្នាក់ហ្នឹងជាប់រវល់ពន្យល់សិស្សផ្សេង គឺមិនមានគ្រូណាមកពន្យល់ខ្ញុំទេទោះបីជាមានគ្រូច្រើនក្នុងថ្នាក់ក៏ដោយ និង ទោះបីជាខ្ញុំព្យាយាមហៅពួគាត់
យ៉ាងណា ក៏ពួកគាត់បានត្រឹមតែញញឺម តែមិនមកពន្យល់ខ្ញុំសោះ ខ្ញុំត្រូវរង់ចាំរហូតដល់លោកគ្រូកាចមាត់លឺម្នាក់នោះ ពន្យល់គេចប់ទើបគាត់មកពន្យល់ខ្ញុំ ។ ប្រការនេះបានធ្វើអោយខ្ញុំមានអារម្មណ៍ប្លែកក្នុងចិត្តជាខ្លាំង និងជួនកាលមានចំងល់ លាយឡំនិងកំហឹងហេតុអីបានជាពួកគាត់មិនមកពន្យល់ខ្ញុំអញ្ចឹង ហើយរង់ចាំតែលោកគ្រូមាត់លឺហ្នឹង ។ តែខ្ញុំពិតជាទទួលស្គាល់ថា មានតែលោកគ្រូហ្នឹងទេ ពន្យល់បានល្អ សួរមិនសូវទាល់ ។
មានថ្ងៃមួយគាត់បានពន្យល់ខ្ញុំដោយសំឡុតខ្លាំងៗ ធ្វើអោយខ្ញុំច្រឡោតតមាត់និងគាត់ ។ ម៉ោងនោះគឺជាម៉ោងពេលដែលមានបរិយាកាសតានតឹងអាប់អួរ អស់អារម្មណ៍រៀន ។ នៅពេលដែលខ្ញុំតមាត់ដោយសំឡេងខ្លាំងៗទៅវិញ គាត់បានដើរចេញទៅពន្យល់អ្នកផ្សេង ហើយចេះតែចោលភ្នែកមើលមកខ្ញុំ (ខ្ញុំក៏លួចតាមមើលគាត់ដូចគ្នា) ដូចជាស្តាយក្រោយនៅពាក្យគំរោះគំរើយរបស់គាត់មកកាន់ខ្ញុំអំបាញ់មិញ ។ តែចរិតមនុស្សស្រីគឺខឹងហើយងង៉ក់បន្តិច ដោយខ្ញុំមិនបានបន្ទន់ឥរិយាបថទេ នៅតែលួចតាមសំឡក់គាត់ដដែល ។ ប្រហែលជាកន្លះម៉ោងក្រោយមក គាត់បានមកអង្គុយពីខាងក្រោយខ្ញុំ ហើយចាប់ផ្តើមនិយាយពីនេះពីនោះក្នុងន័យអោយខ្ញុំបាត់ខឹង តែគាត់មិនបាននិយាយជាមួយខ្ញុំទេ គឺនិយាយជាមួយនិងគ្រូគ្នាគាត់និងសិស្សផ្សេងទៀត ខ្ញុំក៏មានប្រតិកម្មតបទៅវិញជាមួយស្នាមញញឹមនិងលួចសើចតិចៗនូវពាក្យដែលគាត់បាននិយាយគ្នា មួយសន្ទុះក្រោយមកគាត់ក៏ងាកមករកខ្ញុំហើយចាប់ពន្យល់និងបង្ហាញពីចំណុចដែលខ្ញុំជាប់គាំងឡើងវិញ ដោយពាក្យសើចយ៉ាងទន់ភ្លន់ ។
ពេលវេលាបីខែ មិនយូរទេ ទីបំផុតថ្ងៃបញ្ចប់ក៏មកដល់ ។ អ្នកចូលរៀនស្រករខ្ញុំត្រូវបានធ្វើតេស្តបញ្ចប់ជាបន្ទបន្ទាប់ សល់តែរូបខ្ញុំម្នាក់ប៉ុណ្ណោះ ។ ពេលខ្ញុំសួរលោកគ្រូផ្សេងៗថា ពេលណាទើបខ្ញុំត្រូវធ្វើតេស្ត? គឺពួកគាត់សើចញឺមៗ ហើយប្រាប់ថា ចាំអោយលោកគ្រូមាត់លឺហ្នឹងជាអ្នកធ្វើតេស្តខ្ញុំ ។ ស្អីទៀតហើយ ខ្ញុំត្រូវរង់ចាំលោកគ្រូមាត់លឺហ្នឹងទៀតហើយ? នេះជាសំណួរដែលខ្ញុំឆ្ងល់និងបានត្រឹមតែសួរក្នុងចិត្តតែប៉ុណ្ណោះ ។ រាល់ពេលដែលខ្ញុំបានសួរទៅលោកគ្រូមាត់លឺថា តើពេលណាទើបធ្វើតេស្តខ្ញុំ? គាត់មិនដែលឆ្លើយទេ ហើយដើរចេញយកលេសទៅពន្យល់អ្នក
ផ្សេង ។ ពេលវេលានៃខែទីបួន ជិតចប់ទៀតទៅហើយ ខ្ញុំនៅតែមិនទាន់បានធ្វើតេស្ត ចេះតែអង្គុយរំលឹកមេរៀនបណ្តើរៗ និងរង់ចាំពេលវេលាធ្វើតេស្តជារៀងរាល់ថ្ងៃ ។ គាត់មិនដែលឆ្លើយប្រាប់ខ្ញុំថា ត្រូវធ្វើតេស្តថ្ងៃណាទេ គាត់ចេះតែអោយខ្ញុំរំលឹកមើលមេរៀនឡើងវិញទៅ ត្រង់ណាមិនយល់សួរគាត់ ។
តើគាត់មិនចង់អោយខ្ញុំចាកចេញទេដឹង? តើគាត់កំពុងគិតអ្វីមកលើខ្ញុំ? តើគាត់ស្រឡាញ់ខ្ញុំទេដឹង? ខ្ញុំចង់ប្រាប់ថា ខ្ញុំក៏មានចិត្តស្រឡាញ់គាត់ដែរ? តែហេតុអ្វីបានជាគាត់មិនប្រាប់ខ្ញុំដោយផ្ទាល់មាត់ទៅ?
ទីបំផុតខ្ញុំត្រូវសំរេចចិត្តទៅសូមសាលាចេញវិញ្ញាបនបត្រ័អោយ ដោយមិនបានឆ្លងកាត់ការធ្វើតេស្តន៍ ខ្ញុំដឹងថាខ្ញុំធ្វើនេះដូចជាផ្គើននិងគាត់តែខ្ញុំគ្មានជំរើសទេ គឺខ្ញុំចាកចេញពីសាលាទាំងចិត្តអាឡោះអាល័យ ហើយនៅតែចងចាំក្នុងចិត្តជានិច្ចអំពីរូបគាត់ ។
(ខ្ញុំសរសេរអត្ថបទនេះដោយបានស្តាប់លឺនូវរឿងរ៉ាវរបស់នារីម្នាក់ដែលបាននិយាយប្រាប់ខ្ញុំ និង មានការបញ្ចេញបញ្ចូលនូវពាក្យពេចន៍ខ្លះ បើមានកន្លែងណាខុសឆ្គង ឬមិនសមរម្យសូមមេត្តា ខន្តីអភ័យទោស)
Khmer Fun.
វគ្គបន្តអាចនឹងត្រូវបានសរសេរឡើង ប្រសិនបើមានការគាំទ្រ …
មតិថ្មីៗ