ទំព័រដើម > ចំណេះដឹងព័តមានវិទ្យា > ស្នាមញញឹមថ្មីលើដែនដីចាស់

ស្នាមញញឹមថ្មីលើដែនដីចាស់


តំបន់ដែលហ៊ុំពទ្ធ័ទៅដោយព្រៃភ្នំ ព្រែក និង សមុទ្រ បានធ្វើអោយកោះកុងក្លាយជាទឹកដីមួយដែលកាលពីមុនស្ទើតែគ្មានអ្នកណានឹកនាដល់ ។ ស្ថិតនៅផ្នែកនារតីនៃប្រទេស ខេត្តមួយនេះសឹងតែគ្មានសកម្មភាពអាជីវកម្ម រឺ ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនិងប្រជាជនឬតំបន់នៃខេត្តដែលមានព្រុំប្រទល់ជាប់គ្នា ។ ហេដ្ឋារចនាសម្ពន័្ធដែលតភ្ជាប់មកកាន់ខេត្តនេះ ស្ទើតែគ្មានទេ ។ ប្រជាជនអាចធ្វើដំណើរទៅកាន់ខេត្តនេះបាន តាមរយៈផ្លូវទឹកតែប៉ុណ្ណោះ ដែលអាចផ្សងនិងគ្រោះថ្នាក់នៅពេលមានព្យុះភ្លៀង ។ ដូចនេះ ភាគច្រើននៃប្រជាជនកម្ពុជាកាលនោះ ស្គាល់ខេត្តនេះ ត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយភាគច្រើនគ្មានអ្នកណាចាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅកាន់ខេត្តនេះឡើយ ។
នៅចុងឆ្នាំ ២០០៤ គឺជាឆ្នាំដែលខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ័ និង ក៏ជាពេលវេលាដែលខ្ញុំត្រូវរកការងារធ្វើដែរ ។ បំរើការងារនៅភ្នំពេញបានជាង កន្លះឆ្នាំ មានគេទំនាក់ទំនងអោយខ្ញុំទៅសាកល្បងធ្វើតេស្តនៅខេត្តកោះកុង ។ ដោយសារតែលក្ខខណ្ឌការងារ និង កំរិតប្រាក់បៀវត្សខ្ពស់ជាងនៅភ្នំពេញ និងដោយសារចង់ស្គាល់ទឹកដីខេត្តកោះកុង ក៏ដូចជាចង់រកឱកាសដើម្បីប្រកបអាជីវកម្មផង ខ្ញុំបានសំរេចចិត្តទៅធ្វើតេស្តនៅទីនោះ ដោយស្ទាក់ស្ទើរ និង លួចលាក់ដោយមិនអោយបងប្អូនសាច់ញាតិដឹងឡើយ ។ ដឹងទេថាមកពីហេតុអ្វី? ពីព្រោះ បើពួកគាត់ដឹង គាត់នឹងហាមឃាត់មិនអោយខ្ញុំទៅទេ ដោយសំអាងជាខេត្តដាច់ស្រយាល ។
វាជាសំណាងល្អឬយ៉ាងណាក៏ខ្ញុំមិនដឹងដែរ ដោយពេលដែលខ្ញុំត្រូវចេញដំណើរទៅកោះកុងនោះ គេកំពុងស្ថាបនាផ្លូវជាតិដែលតភ្ជាប់ខេត្តកោះកុង មកផ្លូវបំបែកស្រែអំបឹល ។ ការធ្វើដំណើរគឺបានងាយស្រួលជាងមុនបន្តិចដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវទឹកទេ ។ តំលៃសោហ៊ុយសំរាប់ការធ្វើដំណើរពេលនោះ គឺ ៤០០០០ រៀលសំរាប់មនុស្សម្នាក់ ។ មុនពេលចេញដំណើរ ខ្ញុំមានអារម្មណ៍បុកពោះ ស្រពិចស្រពឹល ព្រោះមិនដែលបានធ្វើដំណើរផ្លូវឆ្ងាយតែម្នាក់ឯងនោះទេ ណាមួយកោះកុងជាទឹកដីថ្មីសុទ្ធសាធសំរាប់ខ្ញុំ ។ លឺតាមតែគេប្រាប់ គេថាខ្ញុំនឹងត្រូវជិះកាត់តំបន់ព្រៃដ៏ក្រាស់ ផ្លូវបត់បែនដូចអន្ទង់អាំង ងាយនឹងជួបគ្រោះថ្នាក់ទៀត ។ អារម្មណ៍ភ័យអរ ភ័យអរ កំពុងតែកើតមានក្នុងចិត្ត តែខ្ញុំបានតាំងចិត្តថា ត្រូវតែក្លាហានក្នុងការធ្វើដំណើរដើម្បីធ្វើតេស្តនេះ ។ ខ្ញុំដឹងថាទោះជាជាប់ឬធ្លាក់ ក៏មិនជាបញ្ហាដែរ ពីព្រោះទោះជាជាប់ ខ្ញុំក៏ប្រហែលជាមិនបាននៅធ្វើការនៅទីនោះជាប្រាកដ ។

ដល់ផ្លូវបំបែកស្រែអំបឹល ខ្ញុំមានអារម្មណ៍មួយប្លែកកើតឡើង ។ កាលពីមុនអោយតែដល់ផ្លូវនេះ ខ្ញុំតែងតែគិតថា តើផ្លូវបំបែកទៅស្រែអំបឹលហ្នឹង គេបោះបង់ចោលរឺយ៉ាងណា ពីព្រោះកំរឃើញមានយានយន្តបត់ចូលឡើងទៅផ្លូវហ្នឹងណាស់ ។ ឥលូវខ្ញុំបានជិះតាមផ្លូវហ្នឹងហើយ តើទិដ្ឋភាពអ្វីខ្លះដែលខ្ញុំអាចនឹងឃើញ? ។ ចេញផុតពីផ្លូវនេះបានបន្តិច
ទិដ្ឋភាពតាមដងផ្លូវហាក់ដូចជាខុសប្លែកពីផ្លូវទៅក្រុងព្រះសីហនុ ។ ជិះកាត់តាមប្របជើងភ្នំ គឺ ជាទេសភាពមួយប្លែកសំរាប់ខ្ញុំពិតមែន ។ រវល់តែដិតអារម្មណ៍និងទេសភាពទាំងនេះ ខ្ញុំបានមកដល់ព្រែកទី១ ដែលគេហៅថា ព្រែកស្រែអំបឹល ។ ដល់ទីនេះយើងត្រូវរង់ចាំសាឡាងដែលរត់ឆ្លងកាត់ព្រែកចំលងអ្នកដំណើរទៅមក ។ មកដល់ត្រឹមនេះ ទើបខ្ញុំយល់ថា តំលៃធ្វើដំណើរ ៤០០០០ រៀល ក្នុងអ្នកដំណើរម្នាក់មិនថ្លៃទេ ពីព្រោះអ្នកបើកតាក់ស៊ី គាត់ត្រូវបង់ថ្លៃសាឡាង ១០០០០ រៀល ក្នុង ១ លើក ហើយលឺថាត្រូវឆ្លងដល់ទៅ ៤ លើកឯណោះ ដើម្បី ឆ្លងកាត់ព្រែកចំនួន ៤ ទើបបានដល់ទឹកដីនៃទីរួមខេត្តកោះកុង ព្រែកទាំង៤នោះរួមមាន ព្រែកស្រែអំបឹល ព្រែកអណ្តូងទឹក ព្រែកត្រពាំងរូង និង ព្រែកតាតៃ ។

ដូចទៅនិងអ្វីដែលខ្ញុំបានលឺពីមុនពិតមែន ។ លើផ្លូវដែលគេកំពុងស្ថាបនានៅគ្រួសក្រហមនៅឡើយ ខ្ញុំបានធ្វើដំណើរកាត់ព្រៃវាលខ្ពង់រាប ជាបន្តបន្ទាប់ រហូតដល់ជិះកាត់តំបន់ប្រជុំភ្នំក្រវ៉ាញ ដែលមានព្រៃក្រាស់ឃ្មឹក និងគួរអោយខ្លាច ។ តាមពាក្យបណ្តាំរបស់យាយខ្ញុំ គាត់ត្រូវអោយប្រយត្ន័មាត់ករ បន្តិចនៅពេលធ្វើដំណើរតាមព្រៃភ្នំ ។ ខ្ញុំធ្វើតាមគាត់ ដោយមិនហ៊ាននិយាយអ្វីច្រើនទេ រក្សាភាពស្ងៀមស្ងាត់ និង ផ្តោតអារម្មណ៍ជក់ចិត្ត រំភើបរីករាយទៅនិងទេសភាព ដ៏អស្ចារ្យដែលខ្ញុំមិនបានធ្លាប់ឃើញពីមុន ។ ផ្ទាំងថ្មធំៗ ដែលក្រុមស្ថាបនាផ្លូវបានបំបែកដើម្បីកសាងផ្លូវ នៅរកេតរកូតអមសងខាងផ្លូវ ។ សប្បាយអារម្មណ៍វាសប្បាយទៅហើយ តែកូនចិត្តមួយនឹកថា ប្រសិនបើផ្ទាំងថ្មទាំងនោះបាក់រលំមក មិនដឹងជាសល់ឆ្អឹងរឺអត់ទេខ្ញុំ ហើយចុះបើឡានខូចកណ្តាលផ្លូវមិនដឹងជាស្រែកអោយអ្នកណាជួយទេ បើនៅកណ្តាលព្រៃដ៏ក្រាស់ និង ពទ្ធ័ទៅដោយភ្នំទៀត ។ ផ្លូវពិតជារដឹបរដុបនិងរអឹល ។ អ្នកបើកតាក់ស៊ី គាត់មានជំនាញនិងស្គាល់ផ្លូវយ៉ាងច្បាស់ ធ្វើអោយខ្ញុំមានទំនុកចិត្តលើគាត់ ក៏ប៉ុន្តែនៅតែលួចបន់និងបួងសួងក្នុងចិត្ត សូមអោយជួបតែសុវត្ថិភាព ។ ផ្លូវចំណោត និង ផ្លូវដែលជិះឡើងភ្នំវិញ គឺគួរអោយស្រៀវស្រើប ។ ផ្លូវអន្ទង់អាំង បត់បែនយ៉ាងច្រើនកន្លែង បើអ្នកមិនស្គាល់ផ្លូវនេះច្បាស់ គឺអាចនឹងងាយជួបគ្រោះថ្នាក់ណាស់ ។ តែទេសភាពតាមដងផ្លូវ ជួយបន្ធូរបន្ថយអារម្មណ៍នៃការភ័យខ្លាច និង ស្រមើស្រម៉ៃគិតផ្តេសផ្តាសរបស់ខ្ញុំ ។ ទីបំផុតខ្ញុំបានឃើញទឹកដីនៃទីរួមខេត្តកោះកុង លឹមៗហើយ ហើយខ្ញុំក៏បានចេញផុតពីតំបន់ព្រៃភ្នំហើយដែរ ។ រឿងដែលមិនគួរអោយជឿ គឺគ្រាន់តែចេញផុតពីតំបន់ព្រៃដ៏ក្រាស់នេះ គឺសល់តែប៉ុន្មានគីឡូម៉ែត្រទៀត ដល់ទីរួមខេត្តកោះកុងហើយ ។ បារម្ភទៀតហើយខ្ញុំ ពីព្រោះដូចបានប្រាប់ពីដើមទីអញ្ចឹង ខ្ញុំមិនដែលធ្វើដំណើរផ្លូវឆ្ងាយតែឯងទេ ពេលនេះមិនដឹងជាទៅទីណាទេ បុកពោះភឹបៗ ។ ចុះពីតាក់ស៊ីខ្ញុំបានសួរទៅអ្នកបើកតាក់ស៊ី តើកន្លែងដែលយើងឈប់នេះ គេហៅអីគេ គាត់ថានេះគឺជាគល់ស្ពានកោះកុង ។
ស្ពាននេះគឺ ពិតជាវែងមែនឆ្លងកាត់ព្រែកមួយយ៉ាងធំ ។ លឺថាស្ពាននេះមានប្រវែងជាង ២ គីឡូម៉ែត្រឯណោះ ។ ខ្ញុំបានទូរសព្ធ័ទៅពូខ្ញុំអោយមកយកខ្ញុំនៅគល់ស្ពាននេះ ។
សំរាកនៅផ្ទះពូខ្ញុំមួយយប់ ព្រឹកឡើងខ្ញុំបានរៀបចំខ្លួនដើម្បី ទៅសំភាសន៍តែម្តង ។ ក្នុងកំឡុងពេលសំភាសន៍ អ្នកចាត់ការទូទៅនៅកន្លែងដែលខ្ញុំត្រូវសំភាសន៍ គាត់សួរថា តើខ្ញុំចេះភាសារថៃដែរទេ? ខ្ញុំងឿងឆ្ងល់ ហើយឆ្លើយថា មិនចេះទេ ។ គាត់និយាយប៉ៃឡាំៗ មកកាន់ខ្ញុំទៀតថា អញ្ចឹងលំបាកណាស់ ។ រួចគាត់បានអោយខ្ញុំទៅជួបសំភាសន៍និងបងស្រីម្នាក់ ។ ពេលសំភាសន៍រួចរាល់ បងស្រីម្នាក់នោះ គាត់បានសូមពេលខ្ញុំខ្លះដើម្បីពិភាក្សាគ្នាលេង ។ គាត់សួរខ្ញុំជាច្រើនសំណួរ ។ មួយសំណួរក្នុងចំណោមសំណូរទាំងនោះ គឺ ហេតុអ្វី បានជាប្អូនចង់មកបំរើការងារនៅទីនេះ? វាដាច់ស្រយាល ឱកាសបន្តកាសិក្សា រឺ អភិវឌ្ឍន៍ខ្លួនឯងសំរាប់ការងារអនាគត គឺស្ទើតែគ្មាន ។ ខ្ញុំភ្ញាក់ អារម្មណ៍ព្រើត ចំពោះ សំណួរនិងពាក្យសំដីរបស់គាត់ ។ ធ្វើអោយអារម្មណ៍ស្ទាក់ស្ទើររបស់ខ្ញុំកាលពីមុន កើតមានឡើងវិញ ហើយជំរុញអោយខ្ញុំរារែកក្នុងការសំរេចចិត្តទទួលយកនូវការងារនេះ ។ គាត់បន្ថែមថា បងក៏នឹងកំពុងរកឱកាសដើម្បីទៅធ្វើការនៅភ្នំពេញវិញដែរ ។ គាត់សូមអោយខ្ញុំពិចារណាម្តងទៀត ។ ខ្ញុំក៏ទទួលយកពាក្យគាត់ ហើយក៏សួរ១សំណួរទៅ គាត់វិញ “ហេតុអីបានជាលោកពូម្នាក់ដែលជាប្រធានបង សួរខ្ញុំថាចេះភាសារថៃរឺអត់?” ។ សំណួរនេះ វារាងប្លែកនិងមិនគួរអោយសួរទេ តែចេះតែសួរៗទៅព្រោះចង់ដឹងទៅហើយ ។ គាត់ឆ្លើយតបយ៉ាងដូចនេះ “នៅទីនេះ អ្នកគ្រប់គ្រងមួយចំនួនជាជនជាតិថៃ តែគាត់ចេះខ្មែរនិងនិយាយមិនសូវច្បាស់ទេ ។ ភ្ញៀវដែលមកទីនេះ ក៏ភាគច្រើនសុទ្ធតែជាជនជាតិថៃដែរ ដូចនេះការដែលចេះភាសារថៃគឺសំរួលបានច្រើនក្នុងការងារ” ។ អស់សំណួរ ខ្ញុំក៏ជំរាបលាគាត់ តែគាត់នៅ មិនភ្លេចផ្តាំខ្ញុំថា អោយខ្ញុំពិចារណាឡើងវិញ ។

ចេញពីសំភាសន៍ ខ្ញុំបានដើរមកមាត់ផ្លូវដើម្បីរកម៉ូតូឌុបជិះត្រឡប់ទៅផ្ទះពូខ្ញុំវិញ ។ ឈរមួយសន្ទុះមិនឃើញមានម៉ូតូឌុបសោះ ឃើញតែម៉ូតូស៊េរីទំនើបៗ ដែលជិះទៅមក ហើយពួកគាត់ចេះតែងាកមើលខ្ញុំ ។ បន្ទាប់មកខ្ញុំក៏សំរេចចិត្តដើរទៅមុខ បានប្រហែលជាជាង ១០ ម៉ែត្រ ទើបមានអ្នកជីះម៉ូតូអាសង់មួយមកពីខាងមុខខ្ញុំហើយស្រែកសួរថាខ្ញុំត្រូវការម៉ូតូឌុបអត់ ។ ខ្ញុំឆ្លើយថា បាទ រួចក៏ចចារតំលៃជិះ ។ ខ្ញុំសួរថា បងយកថ្លៃប៉ុន្មានពីទីនេះ ទៅដល់គោលដៅដែលខ្ញុំត្រូវទៅ? (សូមលាក់ឈ្មោះទីតាំង) ។ គាត់ថា ១០ បាត ។ ខ្ញុំងីងើ រួចសួរ ស្រុកខ្មែរសោះចាយលុយបាតថៃចឹង? ខ្ញុំគ្មានទេ គិតជាប្រាក់រៀលទៅ ។ គាត់សើចញឹមៗ រួចថា ចឹង ១២០០ រៀល ខ្ញុំក៏ព្រម ។ ជិះតាមផ្លូវខ្ញុំនិយាយលេងជាមួយគាត់ ដូចជាខ្ញុំមិនហ៊ានហៅ ម៉ូតូឌុបជិះទេ ពីព្រោះមើលទៅសុទ្ធតែម៉ូតូថ្លៃៗ ស្មានតែមិនមែនរត់ឌុប ។

ថ្ងៃឡើង ពូខ្ញុំបានជូនទៅដាក់នៅសួនកំសាន្តខេត្តកោះកុង គឺសួនសត្វ សាហ្វារីវើល ។ ពេលថ្ងៃអញ្ចឹង និង មិនមែន ឱកាសបុណ្យទាន រឺ ថ្ងៃសៅរ៍ អាទិត្យទៀត ចំនួនភ្ញៀវចូលសួនកំសាន្តមានចំនួនតិច គឺ មានតែខ្ញុំ និង ភ្ញៀវមួយក្រុម
ទៀតដែលមានគ្នា ៤-៥ នាក់ ។ តំលៃសំបុត្រត្រូវគិតជាប្រាក់បាតទៀតហើយ គឺ មានតំលៃ ២០០ បាត ។ ខ្ញុំឆ្លើយដដែល ខ្ញុំគ្មានប្រាក់បាតទេ មានតែប្រាក់រៀល ។ អ្នកលក់សំបុត្រយកម៉ាស៊ីនគិតលេងមកចុចមួយភ្លែត ក៏ឆ្លើយថា តំលៃ ២៥០០០ រៀល ។ តាមខ្ញុំដឹងអត្រាប្តូរប្រាក់ គឺស្មើគ្នាទេ ដូចនេះតំលៃប្រហែលជា ២០០០០ រៀលអីហ្នឹង តែអ្នកលក់សំបុត្រឆ្លើយថា បើទូទាត់ជាប្រាក់រៀល ត្រូវទូទាត់ដូចនេះហើយ ពីព្រោះជៀសវៀងការខាតបង់ដោយការឡើងចុះនៃអត្រាប្តូរប្រាក់ ។ ហួសចិត្តហើយ នៅស្រុកខ្មែរសោះ ចាយលុយរៀល គេគិតពិន័យច្រើនជាងប្រាក់បាតថៃ ។ ចូលដល់សួនកំសាន្ត ដោយសារតែភ្ញៀវមួយក្រុមនោះជាជនជាតិថៃ ពិធីករសំដែរបាននិយាយតែភាសារថៃ រួចម្តងម្កាល គាត់និយាយភាសារខ្មែរ (ដោយសារមានតែខ្ញុំជាខ្មែរ) ។ វិលមុខទៀតហើយ ស្តាប់មិនយល់គេនិយាយអី តែខ្ញុំរំភើប និង សើចសប្បាយទៅតាមកាយវិការរបស់អ្នកសំដែង ។ មើលបានការសំដែងចំនួនពីរ ក្រុមជនជាតិថៃនោះ បានចាកចេញទៅ សល់តែខ្ញុំទេ ដែលដើរពេញសួនទៅតាមសំលេងម៉ាយក្រូហ្វូន និង ប្លង់នៅលើសំបុត្រសំរាប់មើលការសំដែង ។ ទីបំផុត ពិធីករនិយាយភាសារជាតិយើងហើយ ហេហេ ។ ខ្ញុំពិតជាសសើរនូវសេវាកម្មរបស់សួនកំសាន្តនេះណាស់ ពីព្រោះសូម្បីតែភ្ញៀវទស្សនា មានតែខ្ញុំម្នាក់ឯង ក៏គេសំដែងអោយមើលដែរ ។ ខ្ញុំពិតជាសប្បាយចិត្តពិតមែន ដោយបានចូលរួមលេងកំសាន្តជាមួយក្រុមសំដែង និង សត្វដែលជាតួអង្គក្នុងកម្មវិធី ។ តាមការអោយដឹងរបស់ពីធីករ គឺរាល់ថ្ងៃ ចំនួនភ្ញៀវដែលមកពីខាងថៃមានចំនួនច្រើនលើសលប់ ហើយភ្ញៀវជាតិមានចំនួនតិច ដូចនេះទើបការអធិប្បាយត្រូវបានធ្វើឡើងជាភាសារថៃ ។

ទីបំផុត ខ្ញុំបានរកឃើញរឿងមួយ ទាក់ទិននិងភាពមន្ទឹលរបស់ខ្ញុំ ។ ដោយសារកំសោយនៃហេដ្ឋារចនាសម្ពន្ធ័ ធ្វើអោយ ខេត្តកោះកុង ស្ទើតែ ត្រូវបានផ្តាច់ខឿនសេដ្ឋកិច្ចជាមួយនិង ខេត្តជិតខាងក្នុងប្រទេសរបស់ខ្លួន ហើយ ពឹងផ្អែកស្ទើតែ
៨០ ភាគរយ ទៅលើទំនាក់ទំនងដោះដូរសេដ្ឋកិច្ចជាមួយប្រទេសថៃ ជាដើមហេតុ ធ្វើអោយភាសារថៃត្រូវបានប្រើប្រាស់នៅកន្លែងដែលខ្ញុំទៅសំភាសន៍ សូម្បីតែសួនកំសាន្តកោះកុង សាហ្វារី វើល ក៏ពិធីករប្រើប្រាស់ភាសារថៃដែរ ។ លុយបាត ក៏ត្រូវបានចរាចរច្រើនជាងរូបិយបណ្ណ័របស់ជាតិទៅទៀត ។ ថ្វីត្បិតតែខ្ញុំមិនសូវសប្បាយចិត្តនិងបញ្ហានេះ តែគ្មានជំរើសទេ ហើយខ្ញុំគិតថាប្រជាជននិងអាជីករនៅទីនោះក៏មិនចង់ធ្វើអញ្ចឹងដែរ ។ គួរអោយស្តាយដែលខ្ញុំបានលុបចោល និង ធ្វើការសំរេចចិត្តមិនទៅបំរើការងារនៅទីនោះទេ ដោយសារយាយនិងសាច់ញាតិរបស់ខ្ញុំគាត់ដឹង ហើយទូរសព្ទ័ហៅភ្លាមៗ មិនអោយនៅទីនោះ ចិត្តខ្ញុំក៏ដូចគ្នា គឺលែងចង់បំរើការងារនៅទីនោះហើយ ដូចនេះក៏សំរេចចិត្តវិលត្រឡប់មកភ្នំពេញវិញនៅថ្ងៃទីបី ។

រយៈពេលប្រហែលជា ២-៣ ឆ្នាំ ក្រោយមក ខ្ញុំបានទៅខេត្តកោះកុងម្តងទៀត តែលើកនេះមិនមែនទៅក្នុងគោលបំណងសំភាសន៍ការងារទៀតទេ គឺទៅដើម្បីទេសចរណ៍ជាមួយគ្រួសារម្តាយមីង ។ ការស្ថាបនាផ្លូវនៅ មិនទាន់បានបញ្ចប់១០០ ភាគរយនៅឡើយទេ គឺនៅសល់ស្ពានឆ្លងព្រែកទាំង៤ដែលគេស្ថាបនាហើយមិនទាន់រួចរាល់ទាំងស្រុង ។ ប៉ុន្តែក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ គេបានបើកអោយប្រើប្រាស់ផ្លូវនេះជាបណ្តោះអាសន្នដើម្បីអោយបងប្អូនប្រជាជនខ្មែរយើង បានទៅទស្សនា កំសាន្ត និង ស្គាល់ខេត្តកោះកុង ។ ផ្ទុយស្រឡះពីលើកមុនដែលខ្ញុំបានទៅ ផ្លូវដែលស្ងាត់ជ្រងុំ យូរៗទើបឃើញមានយានយន្តមួយឆ្លងកាត់បញ្ច្រាសគ្នានិងតាក់ស៊ីដែលខ្ញុំជិះ ពេលនេះគឺមានរថយន្ត យានយន្តយ៉ាងច្រើនបន្តកន្ទុយគ្នាឥតដាច់ធ្វើដំណើរលើផ្លូវដែលគេទើបស្ថាបនារួច ទៅកាន់ខេត្តកោះកុង ។ សភាពអ៊ូអរ និង ទេសភាពតាមដងផ្លូវ ធ្វើអោយក្រុមអ្នកធ្វើដំណើរទទួលបានអារម្មណ៍ស្រស់ស្រាយ រីករាយ និង ទិដ្ឋភាពថ្មី ដែលគេទើបតែពើបប្រទះ ។ នៅទីរួមខេត្ត និង តាមតំបន់រម្មណីដ្ឋាន នានា ក្នុងខេត្តកោះកុង គឺពោរពេញដោយហ្វូងមនុស្សកកកុញ ។ សណ្ថាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ពោពេញទៅដោយហ្វូងមនុស្សប្រជ្រៀតគ្នា ។ ដោយសារចំនួនភ្ញៀវសំរុកទៅច្រើនលើសលុបពេក ធ្វើអោយសណ្ថាគារ ផ្ទះសំណាក់ ត្រូវបានជួលគ្មានសល់ ជាហេតុធ្វើអោយបងប្អូនមួយចំនួន ត្រូវស្នាក់នៅតាមរថយន្តរបស់គាត់ ក្រាលកន្ទេល ប្រក់តង់នៅតាមដងផ្លូវ ។ វាមិនមែនជាភាពអាម៉ាស់ដែលថាគាត់គ្មានប្រាក់គេងនៅសណ្ថាគាររឺផ្ទះសំណាក់នោះទេ គឺមកពីគ្មានបន្ទប់សល់សំរាប់ពួកគាត់ ។ ថ្វីត្បិតតែបែបនេះ តែពួកគាត់បានបង្ហាញនូវស្នាមញញឹមលើផ្ទែមុខ និង ហួសចិត្តពីចំនួនមនុស្សដ៏ច្រើនកុះករ ។ ខុសពីពេលមុន ដែលភ្ញៀវភាគច្រើនជាជនជាតិថៃ ពេលនេះគឺពោរពេញដោយបងប្អូនជនរួមជាតិខ្មែរនៅគ្រប់រម្មណីដ្ឋាន ។ ទោះយ៉ាងណា ក៏នៅមានជនជាតិថៃយ៉ាងច្រើនកុះករចូលមកកំសាន្តនៅខេត្តកោះកុងរបស់យើងនាពេលនោះដែរ ។ តាមស្ថិតិអោយដឹង ក្នុងឱកាសនាពេលនោះ គឺមានអ្នកទេសចរជាតិជាង ១០០ ០០០ នាក់ បានទៅកំសាន្តនៅខេត្តកោះកុង ។

សម័យបច្ចុប្បន្ន ខេត្តកោះកុង លែងត្រូវបានកាត់ផ្តាច់ចេញពីទំនាក់ទំនងជាមួយខេត្តផ្សេងៗទៀត នៃប្រទេសកម្ពុជាយើងហើយ ។ អរគុណដល់រដ្ឋាភិបាលដែលបានកសាងផ្លូវ ដែលជាហេដ្ឋារចនាសម្ពន្ធ័និងសសៃឈាមដ៏សំខាន់ សំរាប់ញ៉ាំងអោយប្រជាជនងាយធ្វើដំណើរទៅកាន់ខេត្តកោះកុង ។ សុវត្ថិភាព និង ស្ថេរភាពសង្គម ធ្វើអោយមានភាពកក់ក្តៅដល់ប្រជាជន ធ្វើដំណើរទៅមកមិនថាយប់រឺថ្ងៃ គឺបានទាំងអស់ ។ ខេត្តកោះកុងលែងឯកោដូចមុនទៀតហើយ ដែលនាំមកនូវស្នាមញញឹមជាថ្មី ដល់ប្រជាជននិងខេត្តមួយនេះ ។

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: