ពេលណាមួយ…

ខែ​កុម្ភៈ 26, 2014 មតិ ១

ទោះបីខ្ញុំមិនមានបទពិសោធន៍ច្រើនក្នុងការសសេររឿងក្តី តែខ្ញុំនឹងព្យាយាមសសេររឿងនេះឡើង …ខ្ញុំកំពុងគ្រោងឆ្អឹងរឿង ហើយសង្ឃឹមថា អាចសសេរបានសំរេច​នឹង​ចែកចាយលើប្លុករបស់ខ្ញុំ ។ ចង់សសេររឿងមួយដែលមានខ្លឹមសារ គិតថាពិបាកហើយអាចនឹងភ្លាវ តែយ៉ាងណា ស៊ូស៊ូ សាកល្បងសសេរសិន ។

ទសពិធរាជធម៌

ខែកញ្ញា 10, 2013 បញ្ចេញមតិ

ទសពិធរាជធម៌ គឺធម៌ទាំង ១០ សំរាប់ព្រះមហាក្សត្រ ឬ អ្នកគ្រប់គ្រងប្រទេស។ យោងតាម វីគីភេឌា ទសពិធរាជធម៌ គឺ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរត្រូវតែប្រកាន់គោរព និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិងត្រឹមត្រូវជាទីបំផុត។បើពុំនោះសោតទេ ប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះវិបត្តិអន្តរាយ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រូយ ព្រាត់ប្រាស់ក្រុមគ្រួសារញាតិសន្តានជាមិនខាន។

ទសពិធរាជធម៌ទាំង ១០ រួមមាន ៖
១ ទាន
២ សីល
៣ បរិច្ចាគ
៤ អាជ្ជវៈ
៥ មទ្ទវៈ
៦ តបៈ
៧ អក្កោធនៈ
៨ អវិហឹសា
៩ ខន្តី
១០ អវិរោធនៈ

០១. ទាន៖

ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឍដ្ឋានដោយគ្មានគំនិតគិតកេងប្រវ័ញ្ចធ្វើប្រជាភិថុតឡើយ គឺមានន័យថាទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូសនឹងបាបកម្ម។ បើយើងពោលអោយចំទៅព្រះមាហាក្សត្រ ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរធើ្វដូចម្តេចចេះចែកចាយផ្តល់ប្រជាពលរដ្ឋនិងជាតិនូវលទ្ឋភាពគ្រប់គ្រាន់ ដើម្បីជំរុញអោយមានធនធានមានចំនេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នាមានកិតិ្តយសរុងរឿងថ្កុំថ្កើង។

០២. សីល៖

ព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវតែប្រកាន់និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។ សីលធម៌នេះគឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្ត។ ក្នុងបញ្ចសីលា គេកត់សំគាល់ឃើញមានការមិនប្រមាថឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ មិនភូតភរកុហសបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។ ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖

មេត្តា៖ ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ
ករុណា៖ ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស
មុទិតា ៖ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត និង
ឧបេក្ខា៖ ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ។

០៣. បរិច្ចាគ៖

ព្រះមហាក្សត្រឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ។គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀងកេងបន្លំយកទៅកសាងអភិវឌ្ឍប្រទេសជាតិអោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាពនិងសុភមង្គលវិធីនេះ គឺការបែងចែកភោគផលធនធាននគរអោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ដោយគ្មានរើសអើងវណ្ណះ។ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាអំណោយឬជាការនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពប្រណិប័តធ្វើតាមដែរ។

០៤. អាជ្ជវៈ

(មានសេចក្ដីត្រង់) ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រនិងអ្នកដឹកនាំត្រូវតែគោរពនិងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត។ក្នុងពាក្យទៀងត្រង់អត្ថន័យមានទំហំធំធេងណាស់គឺជាជំពាក់ទៅនឹងកាយវាចារចិត្តរបស់អ្នកដឹកនាំ។បើនិយាយអោយចំទៅគឺគេមិនត្រូវក្បត់ប្រជាជននិងប្រទេសជាតិឯងមិនប្រើអំនាចផ្តាច់ការ មិនអយុត្តិធម៌មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ បក្សពួក និង បរទេស។

០៥. មទ្ទវៈ

(មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែរៀបចំឬកពារ អាកប្បកិរិយា ពាក្យសម្តី ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិធម៌ ដោយមិនបញ្ចេញអាការះឬកពារច្រងេងច្រងាងច្រឡោង ខាមច្រឡើសបើស ហារស្រែកឡើងរកតែកាប់ចាក់ប្រើកំលាំងបាយជាមួយនិងប្រជារាស្ត្រទន់ខ្សោយ។ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល។ បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយវាចារចិត្តមិនល្អសមរម្យនោះគឺប្រទេសជាតិ និង ប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់ប្រភេទបែបយ៉ាង។

០៦. តបៈ

(ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ) ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិតាមកាលកំនត់ត្រូវតែចូលកាន់ឧបោថសីលដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍មនោសញ្ចេតនាអោយភ្លឺស្វាងចៀសវៀងអវិជ្ជាដែលជាប្រភពនៃ ក្តីវិនាសការចូលកាន់ឧបោថសីលអាចចាត់ទុកជាការដកឃ្លាមួយរយះពីភាពជាប់ជំពាក់ជំពីនក្នុងបញ្ហាបច្ចុប្បន្នដើម្បីយកពេលយកឪកាសសំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាពនិងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។អាកប្បកិរិយានិងកាយវិការរបៀបនេះអាចនាំអោយអ្នកដឹកនាំឬអ្នកនយោបាយមាន ពេលវេលានិងរកផ្លូវល្អឃើញហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។

០៧. អក្កោធនៈ

(មិនកម្ដៅក្រហាយអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបបាក់អ្នកដទៃអោយកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះទេ។ការបង្ក បង្កើតអោយមានរឿងសៅហ្មងអោយមានការក្តៅក្រហលក្រហាយដូច្នេះបណ្តាលធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងហើយអាចក្លាយជាចលាចលច្របូកច្របល់ និងជាសង្រ្គាមបង្ហូរឈាម។អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្តមិនអោយមានកំហឹងគំនុំនិងមានការសងសឹកឆេះឆាបដក់គុំក្នុងខ្លួនឡើយ។ការកសាងប្រទេសជាតិមិន មែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គីបង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នាមិនត្រង់នោះទេ។

០៨. អវិហឹសា

(មិនបៀតបៀនអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវយកហិង្សាឬ្កំលាំងបាយកំលាំងអាវុធមកធើ្វជាត្រីមុខទេក្នុងការត្រិះរិះពិចារណានិងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។បើយើង គ្មានគំនិតអាក្រក់មិនប្រើកំលាំងអាវុធមិនប្រៀនគេគេក៏មិនបៀតបៀនមកលើយើងដែរ។គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាង ប្រទេសជាតិ។ទស្សនះសន្តិភាពត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបងដែលព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោប យកមកអោយបានជាចាំបាច់ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាពដើម្បីកសាងដើរឆ្ពោះទៅរកអី្វដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់និងជីវភាពរុងរឿងរស់ នៅដោយសុខសន្តិភាពក្សេមក្សាន្ត។

០៩. ខន្តី

(មានសេចក្ដីអត់ធន់) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែមានចិត្តអំនត់អត់ធន់ហើយមិនលោតទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ការស្ទុះហក់លោតទាំងកម្រោល ទៅតាមភ្លើងកំហឹងទៅតាមចំណង់់ចិត្តមានះទៅតាមការលោភលន់រំជើបរំជូលត្រេកត្រអាលអាចនាំមកនូវការវិនាសអន្តរាយនូវផលអាក្រក់ដែលពុំអាចប៉ាន់ស្មានបាន ដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំនិងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។ការប្រកាន់ចិត្តនឹងនមិន ឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលរេលាឪកាសល្អដើម្បីអនុវត្តគោលការណ៍អោយបានសំរេច។ការប្រកាន់ខន្តីអត់ធ្មត់សង្កត់ចិត្តនិង ព្យាយមជាគុណសម្បត្តិមួយយ៉ាងធំសំខាន់ណាស់របស់អ្នកដឹកនាំឬអ្នកនយោបាយក្នុងការគិតគូរដោះស្រាយគ្រប់គ្រងបំរើប្រទេសជាតិ។

១០. អវិរោធនៈ

(មិនបំពានលើធម៌លើច្បាប់) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។គេត្រូវតែដាក់ច្បាប់ជាធំអោយខ្ពស់បំផុតលើបុគ្គល។គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាននិងជាគ្រឹះ របស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានិតិរដ្ឋ។គេត្រូវធ្វើដូចម្តេចអោយច្បាប់ធម្មវិន័យក្រឹត្យក្រមកា្លយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភា របស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាតគេមិនត្រូវរំលោភបំពានដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រមដែលធ្លាប់មានក្នុងសង្គមជាតិនោះឡើយ។ ទោះស្តេចទោះមន្ត្រីទោះសេចក្តីគហបតីនិងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សំរាប់បំរើអំណាចនិងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្រ្តនឹងរងទុក្ខវេទនាព្រាត់ប្រាសបែកបាក់ក្រុមញាតិសន្តានជាមិនខានគឺបានសេចក្តីថានរណាដែលគ្មានច្បាប់គ្មាន សីលធម៌គ្មានធម៌គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុងសន្តិភាពបានឡើយ។នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយ ដើរថយក្រោយចាញ់គេជាលំដាប់។ចំណែកព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិទាំងនោះវិញក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ។

ឯកសារយោង៖ http://km.wikipedia.org/wiki/ទសពិធរាជធម៌

ចំណាត់ក្រុម ៖Uncategorized

កំណាព្យ ៖ រាប់មិត្ត (វគ្គ I)

ខែ​មីនា 29, 2013 មតិ 4

mypoem0-0

ទឹកភ្នែកម្តាយ

ខែ​មីនា 29, 2013 បញ្ចេញមតិ

poem-mum

 

to like my page on facebook for more poem, please click this link or copy and paste this address to your browser : http://www.facebook.com/pages/Chhorn-Sarath-Khmer-Writer/279252372208079

អនុស្សាវរីយ៍១

ខែវិច្ឆិកា 29, 2012 បញ្ចេញមតិ

អស់រយៈកាលជាង៥ឆ្នាំមកហើយដែលខ្ញុំបានបញ្ចប់ការសិក្សាវគ្គខ្លី នៅសាលារៀនឯកជនមួយ ហើយនេះក៏ជារយៈពេលមួយដែរ ដែលខ្ញុំបានបែកពីមនុស្សម្នាក់ដែលខ្ញុំតែងតែនឹក និង មិនដែល សូម្បីតែគិតថារូបរបស់គេស្ថិតនៅក្នុងដួងចិត្តនិងការគិតរបស់ខ្ញុំរហូតមក ។ រយៈពេលយូរយ៉ាងនេះខ្ញុំចាំរូបគេសឹងតែមិនច្បាស់ថា តើគេមានមុខមាត់យ៉ាងណានោះទេ ក៏ប៉ុន្តែស្រមោលរបស់គេ និង ពាក្យសំដីរបស់គេគឺស្ថិតនៅក្នុងបេះដូងនិងដួងចិត្តរបស់ខ្ញុំជានិច្ច ។
នៅចុងឆ្នាំ ២០០៧ ដើម្បីបំប៉នលើចំណេះដឹងដែលនាងខ្ញុំធ្លាប់រៀននៅមហាវិទ្យាល័យ នាងខ្ញុំបានចូលរៀនសិក្សាវគ្គកំព្យូទ័របន្ថែម ។ កន្លះខែកន្លងផុតទៅហើយដែលខ្ញុំបានចាប់ផ្តើមចូលរៀន ចេះខ្លះមិនចេះខ្លះ យល់ខ្លះមិនយល់ខ្លះទៅតាមដំណើរ ។ ចៃដន្យថ្ងៃមួយនាងខ្ញុំបានទៅសាលាមុនម៉ោង ហើយក៏បានឈរលេងនៅមុខថ្នាក់ប្រហែលជា ៥ នាទី ។ មានសំលេងជជែកគ្នានិងសើចក្អាកក្អាយនៅខាងចុងម្ខាងនៃអាគារដែលនាងខ្ញុំរៀន ។ នាងខ្ញុំក្រឡេកចោលភ្នែកទៅឃើញសិស្សមួយក្រុមមានប្រុសមានស្រីកំពុងជជែកគ្នាយ៉ាងសប្បាយ ។ ខណៈដែលអ្នកទាំងនោះកំពុងអង្គុយ រំពេចន៍នោះនាងខ្ញុំបានផ្តោតអារម្មណ៍ទៅលើបុរសម្នាក់ដែលឈរនិយាយនិងទំនងជាពូកែវោហារជាងគេ ។ នាងខ្ញុំក៏មិនបានជាចាប់អារម្មណ៍យកចិត្តទុក្ខដាក់អ្វីដែរ ហើយក៏ដើរចូលបន្ទប់រៀនតាមធម្មតា ។
ពីរថ្ងៃបន្ទាប់ នាងខ្ញុំបានចូលរៀនដូចសព្វមួយដង ។ នាងខ្ញុំបានអនុវត្តមេរៀនកំព្យូទ័រប្រហែលជាបានកន្លះម៉ោង មានចំណុចមួយចំនួនដែលគាំងធ្វើអោយនាងខ្ញុំមិនយល់ ។ នាងខ្ញុំក៏បានក្រឡេកមើលឆ្វេងស្តាំ ដើម្បីរកគ្រូមកពន្យល់និងប្រាប់បង្ហាញ ។ ពេលនោះរឿងមួយដែលធ្វើអោយនាងខ្ញុំភ្ញាក់ផ្អើលគឺបុរសម្នាក់ ដែលមានសំលេងលឺជាងគេនិងបានឈជជែកគ្នាកាលពីថ្ងៃមុន ស្រាប់តែមានវត្តមាននៅក្នុងបន្ទប់រៀននេះដែរ ។ ខ្ញុំក៏មិនចាប់អារម្មណ៍ថាគាត់គឺជាអ្នកណា ហើយមកធ្វើអីក្នុងបន្ទប់រៀននេះទេ ខ្ញុំបានលើកដៃឡើងដើម្បីបញ្ជាក់ថាខ្ញុំជាប់គាំងនិងមេរៀនហើយត្រូវការគ្រូមកជំនួយ រួចនាងខ្ញុំក៏ងាកមកមើលសៀវភៅនិងកំព្យូទ័រវិញ ដោយរង់ចាំគ្រូមកជូយបង្ហាត់បង្ហាញ ។

ប្រហែលជាពីរនាទីបន្ទាប់ សំលេងមួយបានបន្លឺឡើងនៅពីក្រោយខ្នងខ្ញុំ “តើមិនយល់ឬមានបញ្ហាត្រង់ណា?” ខ្ញុំក៏បានឆ្លើយប្រាប់ពីចំណុចដែលនាងខ្ញុំជាប់គាំងដោយមិនបានងាកមុខមើលម្ចាស់សំលេងឡើយ ។ ដៃមួយក៏បានលូកមកកាន់អេក្រង់កុំព្យូទ័ររបស់ខ្ញុំ ហើយបានប្រាប់ពីចំណុចដែលត្រូវធ្វើនិងដោះស្រាយលំហាត់នោះ ។ ខ្ញុំក៏រាង្គងាកចេញបន្តិចហើយចោលភ្នែកមើលទៅម្ចាស់ដៃនិងសំលេង ពិតណាស់នោះគឺជាបុរសម្នាក់នោះឯង តាមពិតគេគឺជាគ្រូបង្រៀនមុខវិជ្ជាកំព្យូទ័រនេះឯង តែអ្វីដែលខ្ញុំឆ្ងល់ទំនងមើលទៅគាត់បង្រៀននៅទីនេះយូរហើយ តើហេតុអ្វីបានជាមិនដែលឃើញ? ខ្ញុំក៏បាននិយាយពាក្យអរគុណទៅកាន់គាត់ ហើយបន្តធ្វើលំហាត់ជាបន្ត ។
ចាប់តាំងពីថ្ងៃនោះមក គាត់តែងតែចូលមកបង្រៀននៅក្នុងបន្ទប់ខ្ញុំជារៀងរាល់ថ្ងៃ គាត់ពន្យល់ បានល្អ និង ងាយយល់ ។ ពេលដែលគ្រូដទៃទៀតរវល់ គាត់តែងតែមកពន្យល់ខ្ញុំជាញឹកញាប់ ។ មិនដឹងជាគាត់ចង់បន្លំឬយ៉ាងណានោះទេ ជួនកាលនៅពេលដែលខ្ញុំសួរគាត់ពីរបៀប អនុវត្តន៍កំព្យូទ័រ គាត់តែងតែចាប់កាន់ដៃខ្ញុំដើម្បីបញ្ជារ Mouse របស់កុំព្យូទ័រ រហូតដល់ពេលខ្លះខ្ញុំមានអារម្មណ៍អៀននិងប្រញ៉ាប់ដកដៃចេញនៅពេលដែលគាត់បំរុងនិងចាប់កាន់ Mouse តែពេលខ្លះខ្ញុំបែជាមានអារម្មណ៍រីករាយទៅវិញនៅពេលដែលគាត់ធ្វើបែបនេះ ។ តើនេះជាអារម្មណ៍អ្វីទៅ? តាំងពីតូចក្រូចឆ្មារមកដៃខ្ញុំមិនដែលត្រូវបានគេប៉ះទេ តែពេលនេះគឺក្នុងហេតុផលពន្យល់មេរៀន បែរជាត្រូវបានគេចាប់ស្ទើរាល់ថ្ងៃទៅវិញ ។
ពេលខ្លះ រហូតដល់ខ្ញុំមានអារម្មណ៍ថា ទៅរៀនមនុស្សដែលខ្ញុំចង់ឃើញជាដំបូងគេ គឺរូបគាត់ហ្នឹងឯង ។ តើខ្ញុំឆ្កួតហើយមែនទេ? ពេលខ្លះដែលខ្ញុំមិនបានឃើញគាត់មកបង្រៀនខ្ញុំបែរជាគ្មានអារម្មណ៍រៀនទៅវិញ និងបន់អោយតែគាត់មកបង្ហាញមុខមួយភ្លែតក៏អស់ចិត្តដែរ ។
ពេលវេលាពិតជាលឿនរហ័សណាស់ មិនទាន់ដឹងអីផង ខ្ញុំរៀនបានពីរខែទៅហើយ ។ តែមានរឿងចំឡែកមួយបានកើតឡើងក្នុងម៉ោងសិក្សារបស់ខ្ញុំ គឺរាល់ពេលដែលខ្ញុំជាប់គាំង ត្រូវការគ្រូជួយបង្ហាត់បង្ហាញ ប្រសិនបើលោកគ្រូម្នាក់ហ្នឹងជាប់រវល់ពន្យល់សិស្សផ្សេង គឺមិនមានគ្រូណាមកពន្យល់ខ្ញុំទេទោះបីជាមានគ្រូច្រើនក្នុងថ្នាក់ក៏ដោយ និង ទោះបីជាខ្ញុំព្យាយាមហៅពួគាត់

យ៉ាងណា ក៏ពួកគាត់បានត្រឹមតែញញឺម តែមិនមកពន្យល់ខ្ញុំសោះ ខ្ញុំត្រូវរង់ចាំរហូតដល់លោកគ្រូកាចមាត់លឺម្នាក់នោះ ពន្យល់គេចប់ទើបគាត់មកពន្យល់ខ្ញុំ ។ ប្រការនេះបានធ្វើអោយខ្ញុំមានអារម្មណ៍ប្លែកក្នុងចិត្តជាខ្លាំង និងជួនកាលមានចំងល់ លាយឡំនិងកំហឹងហេតុអីបានជាពួកគាត់មិនមកពន្យល់ខ្ញុំអញ្ចឹង ហើយរង់ចាំតែលោកគ្រូមាត់លឺហ្នឹង ។ តែខ្ញុំពិតជាទទួលស្គាល់ថា មានតែលោកគ្រូហ្នឹងទេ ពន្យល់បានល្អ សួរមិនសូវទាល់ ។
មានថ្ងៃមួយគាត់បានពន្យល់ខ្ញុំដោយសំឡុតខ្លាំងៗ ធ្វើអោយខ្ញុំច្រឡោតតមាត់និងគាត់ ។ ម៉ោងនោះគឺជាម៉ោងពេលដែលមានបរិយាកាសតានតឹងអាប់អួរ អស់អារម្មណ៍រៀន ។ នៅពេលដែលខ្ញុំតមាត់ដោយសំឡេងខ្លាំងៗទៅវិញ គាត់បានដើរចេញទៅពន្យល់អ្នកផ្សេង ហើយចេះតែចោលភ្នែកមើលមកខ្ញុំ (ខ្ញុំក៏លួចតាមមើលគាត់ដូចគ្នា) ដូចជាស្តាយក្រោយនៅពាក្យគំរោះគំរើយរបស់គាត់មកកាន់ខ្ញុំអំបាញ់មិញ ។ តែចរិតមនុស្សស្រីគឺខឹងហើយងង៉ក់បន្តិច ដោយខ្ញុំមិនបានបន្ទន់ឥរិយាបថទេ នៅតែលួចតាមសំឡក់គាត់ដដែល ។ ប្រហែលជាកន្លះម៉ោងក្រោយមក គាត់បានមកអង្គុយពីខាងក្រោយខ្ញុំ ហើយចាប់ផ្តើមនិយាយពីនេះពីនោះក្នុងន័យអោយខ្ញុំបាត់ខឹង តែគាត់មិនបាននិយាយជាមួយខ្ញុំទេ គឺនិយាយជាមួយនិងគ្រូគ្នាគាត់និងសិស្សផ្សេងទៀត ខ្ញុំក៏មានប្រតិកម្មតបទៅវិញជាមួយស្នាមញញឹមនិងលួចសើចតិចៗនូវពាក្យដែលគាត់បាននិយាយគ្នា មួយសន្ទុះក្រោយមកគាត់ក៏ងាកមករកខ្ញុំហើយចាប់ពន្យល់និងបង្ហាញពីចំណុចដែលខ្ញុំជាប់គាំងឡើងវិញ ដោយពាក្យសើចយ៉ាងទន់ភ្លន់ ។
ពេលវេលាបីខែ មិនយូរទេ ទីបំផុតថ្ងៃបញ្ចប់ក៏មកដល់ ។ អ្នកចូលរៀនស្រករខ្ញុំត្រូវបានធ្វើតេស្តបញ្ចប់ជាបន្ទបន្ទាប់ សល់តែរូបខ្ញុំម្នាក់ប៉ុណ្ណោះ ។ ពេលខ្ញុំសួរលោកគ្រូផ្សេងៗថា ពេលណាទើបខ្ញុំត្រូវធ្វើតេស្ត? គឺពួកគាត់សើចញឺមៗ ហើយប្រាប់ថា ចាំអោយលោកគ្រូមាត់លឺហ្នឹងជាអ្នកធ្វើតេស្តខ្ញុំ ។ ស្អីទៀតហើយ ខ្ញុំត្រូវរង់ចាំលោកគ្រូមាត់លឺហ្នឹងទៀតហើយ? នេះជាសំណួរដែលខ្ញុំឆ្ងល់និងបានត្រឹមតែសួរក្នុងចិត្តតែប៉ុណ្ណោះ ។ រាល់ពេលដែលខ្ញុំបានសួរទៅលោកគ្រូមាត់លឺថា តើពេលណាទើបធ្វើតេស្តខ្ញុំ? គាត់មិនដែលឆ្លើយទេ ហើយដើរចេញយកលេសទៅពន្យល់អ្នក

ផ្សេង ។ ពេលវេលានៃខែទីបួន ជិតចប់ទៀតទៅហើយ ខ្ញុំនៅតែមិនទាន់បានធ្វើតេស្ត ចេះតែអង្គុយរំលឹកមេរៀនបណ្តើរៗ និងរង់ចាំពេលវេលាធ្វើតេស្តជារៀងរាល់ថ្ងៃ ។ គាត់មិនដែលឆ្លើយប្រាប់ខ្ញុំថា ត្រូវធ្វើតេស្តថ្ងៃណាទេ គាត់ចេះតែអោយខ្ញុំរំលឹកមើលមេរៀនឡើងវិញទៅ ត្រង់ណាមិនយល់សួរគាត់ ។
តើគាត់មិនចង់អោយខ្ញុំចាកចេញទេដឹង? តើគាត់កំពុងគិតអ្វីមកលើខ្ញុំ? តើគាត់ស្រឡាញ់ខ្ញុំទេដឹង? ខ្ញុំចង់ប្រាប់ថា ខ្ញុំក៏មានចិត្តស្រឡាញ់គាត់ដែរ? តែហេតុអ្វីបានជាគាត់មិនប្រាប់ខ្ញុំដោយផ្ទាល់មាត់ទៅ?
ទីបំផុតខ្ញុំត្រូវសំរេចចិត្តទៅសូមសាលាចេញវិញ្ញាបនបត្រ័អោយ ដោយមិនបានឆ្លងកាត់ការធ្វើតេស្តន៍ ខ្ញុំដឹងថាខ្ញុំធ្វើនេះដូចជាផ្គើននិងគាត់តែខ្ញុំគ្មានជំរើសទេ គឺខ្ញុំចាកចេញពីសាលាទាំងចិត្តអាឡោះអាល័យ ហើយនៅតែចងចាំក្នុងចិត្តជានិច្ចអំពីរូបគាត់ ។

(ខ្ញុំសរសេរអត្ថបទនេះដោយបានស្តាប់លឺនូវរឿងរ៉ាវរបស់នារីម្នាក់ដែលបាននិយាយប្រាប់ខ្ញុំ និង មានការបញ្ចេញបញ្ចូលនូវពាក្យពេចន៍ខ្លះ បើមានកន្លែងណាខុសឆ្គង ឬមិនសមរម្យសូមមេត្តា ខន្តីអភ័យទោស)
Khmer Fun.
វគ្គបន្តអាចនឹងត្រូវបានសរសេរឡើង ប្រសិនបើមានការគាំទ្រ …

ចុចតំណរភ្ជាប់នេះ ដើម្បីមើលបណ្តុំរូបថតរបស់ខ្ញុំ អរគុណ!

ខែតុលា 29, 2012 បញ្ចេញមតិ
ផ្កាត្រកួន

ស្នាមញញឹមថ្មីលើដែនដីចាស់

ខែកញ្ញា 21, 2012 បញ្ចេញមតិ

តំបន់ដែលហ៊ុំពទ្ធ័ទៅដោយព្រៃភ្នំ ព្រែក និង សមុទ្រ បានធ្វើអោយកោះកុងក្លាយជាទឹកដីមួយដែលកាលពីមុនស្ទើតែគ្មានអ្នកណានឹកនាដល់ ។ ស្ថិតនៅផ្នែកនារតីនៃប្រទេស ខេត្តមួយនេះសឹងតែគ្មានសកម្មភាពអាជីវកម្ម រឺ ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនិងប្រជាជនឬតំបន់នៃខេត្តដែលមានព្រុំប្រទល់ជាប់គ្នា ។ ហេដ្ឋារចនាសម្ពន័្ធដែលតភ្ជាប់មកកាន់ខេត្តនេះ ស្ទើតែគ្មានទេ ។ ប្រជាជនអាចធ្វើដំណើរទៅកាន់ខេត្តនេះបាន តាមរយៈផ្លូវទឹកតែប៉ុណ្ណោះ ដែលអាចផ្សងនិងគ្រោះថ្នាក់នៅពេលមានព្យុះភ្លៀង ។ ដូចនេះ ភាគច្រើននៃប្រជាជនកម្ពុជាកាលនោះ ស្គាល់ខេត្តនេះ ត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយភាគច្រើនគ្មានអ្នកណាចាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅកាន់ខេត្តនេះឡើយ ។
នៅចុងឆ្នាំ ២០០៤ គឺជាឆ្នាំដែលខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ័ និង ក៏ជាពេលវេលាដែលខ្ញុំត្រូវរកការងារធ្វើដែរ ។ បំរើការងារនៅភ្នំពេញបានជាង កន្លះឆ្នាំ មានគេទំនាក់ទំនងអោយខ្ញុំទៅសាកល្បងធ្វើតេស្តនៅខេត្តកោះកុង ។ ដោយសារតែលក្ខខណ្ឌការងារ និង កំរិតប្រាក់បៀវត្សខ្ពស់ជាងនៅភ្នំពេញ និងដោយសារចង់ស្គាល់ទឹកដីខេត្តកោះកុង ក៏ដូចជាចង់រកឱកាសដើម្បីប្រកបអាជីវកម្មផង ខ្ញុំបានសំរេចចិត្តទៅធ្វើតេស្តនៅទីនោះ ដោយស្ទាក់ស្ទើរ និង លួចលាក់ដោយមិនអោយបងប្អូនសាច់ញាតិដឹងឡើយ ។ ដឹងទេថាមកពីហេតុអ្វី? ពីព្រោះ បើពួកគាត់ដឹង គាត់នឹងហាមឃាត់មិនអោយខ្ញុំទៅទេ ដោយសំអាងជាខេត្តដាច់ស្រយាល ។
វាជាសំណាងល្អឬយ៉ាងណាក៏ខ្ញុំមិនដឹងដែរ ដោយពេលដែលខ្ញុំត្រូវចេញដំណើរទៅកោះកុងនោះ គេកំពុងស្ថាបនាផ្លូវជាតិដែលតភ្ជាប់ខេត្តកោះកុង មកផ្លូវបំបែកស្រែអំបឹល ។ ការធ្វើដំណើរគឺបានងាយស្រួលជាងមុនបន្តិចដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវទឹកទេ ។ តំលៃសោហ៊ុយសំរាប់ការធ្វើដំណើរពេលនោះ គឺ ៤០០០០ រៀលសំរាប់មនុស្សម្នាក់ ។ មុនពេលចេញដំណើរ ខ្ញុំមានអារម្មណ៍បុកពោះ ស្រពិចស្រពឹល ព្រោះមិនដែលបានធ្វើដំណើរផ្លូវឆ្ងាយតែម្នាក់ឯងនោះទេ ណាមួយកោះកុងជាទឹកដីថ្មីសុទ្ធសាធសំរាប់ខ្ញុំ ។ លឺតាមតែគេប្រាប់ គេថាខ្ញុំនឹងត្រូវជិះកាត់តំបន់ព្រៃដ៏ក្រាស់ ផ្លូវបត់បែនដូចអន្ទង់អាំង ងាយនឹងជួបគ្រោះថ្នាក់ទៀត ។ អារម្មណ៍ភ័យអរ ភ័យអរ កំពុងតែកើតមានក្នុងចិត្ត តែខ្ញុំបានតាំងចិត្តថា ត្រូវតែក្លាហានក្នុងការធ្វើដំណើរដើម្បីធ្វើតេស្តនេះ ។ ខ្ញុំដឹងថាទោះជាជាប់ឬធ្លាក់ ក៏មិនជាបញ្ហាដែរ ពីព្រោះទោះជាជាប់ ខ្ញុំក៏ប្រហែលជាមិនបាននៅធ្វើការនៅទីនោះជាប្រាកដ ។

ដល់ផ្លូវបំបែកស្រែអំបឹល ខ្ញុំមានអារម្មណ៍មួយប្លែកកើតឡើង ។ កាលពីមុនអោយតែដល់ផ្លូវនេះ ខ្ញុំតែងតែគិតថា តើផ្លូវបំបែកទៅស្រែអំបឹលហ្នឹង គេបោះបង់ចោលរឺយ៉ាងណា ពីព្រោះកំរឃើញមានយានយន្តបត់ចូលឡើងទៅផ្លូវហ្នឹងណាស់ ។ ឥលូវខ្ញុំបានជិះតាមផ្លូវហ្នឹងហើយ តើទិដ្ឋភាពអ្វីខ្លះដែលខ្ញុំអាចនឹងឃើញ? ។ ចេញផុតពីផ្លូវនេះបានបន្តិច
ទិដ្ឋភាពតាមដងផ្លូវហាក់ដូចជាខុសប្លែកពីផ្លូវទៅក្រុងព្រះសីហនុ ។ ជិះកាត់តាមប្របជើងភ្នំ គឺ ជាទេសភាពមួយប្លែកសំរាប់ខ្ញុំពិតមែន ។ រវល់តែដិតអារម្មណ៍និងទេសភាពទាំងនេះ ខ្ញុំបានមកដល់ព្រែកទី១ ដែលគេហៅថា ព្រែកស្រែអំបឹល ។ ដល់ទីនេះយើងត្រូវរង់ចាំសាឡាងដែលរត់ឆ្លងកាត់ព្រែកចំលងអ្នកដំណើរទៅមក ។ មកដល់ត្រឹមនេះ ទើបខ្ញុំយល់ថា តំលៃធ្វើដំណើរ ៤០០០០ រៀល ក្នុងអ្នកដំណើរម្នាក់មិនថ្លៃទេ ពីព្រោះអ្នកបើកតាក់ស៊ី គាត់ត្រូវបង់ថ្លៃសាឡាង ១០០០០ រៀល ក្នុង ១ លើក ហើយលឺថាត្រូវឆ្លងដល់ទៅ ៤ លើកឯណោះ ដើម្បី ឆ្លងកាត់ព្រែកចំនួន ៤ ទើបបានដល់ទឹកដីនៃទីរួមខេត្តកោះកុង ព្រែកទាំង៤នោះរួមមាន ព្រែកស្រែអំបឹល ព្រែកអណ្តូងទឹក ព្រែកត្រពាំងរូង និង ព្រែកតាតៃ ។

ដូចទៅនិងអ្វីដែលខ្ញុំបានលឺពីមុនពិតមែន ។ លើផ្លូវដែលគេកំពុងស្ថាបនានៅគ្រួសក្រហមនៅឡើយ ខ្ញុំបានធ្វើដំណើរកាត់ព្រៃវាលខ្ពង់រាប ជាបន្តបន្ទាប់ រហូតដល់ជិះកាត់តំបន់ប្រជុំភ្នំក្រវ៉ាញ ដែលមានព្រៃក្រាស់ឃ្មឹក និងគួរអោយខ្លាច ។ តាមពាក្យបណ្តាំរបស់យាយខ្ញុំ គាត់ត្រូវអោយប្រយត្ន័មាត់ករ បន្តិចនៅពេលធ្វើដំណើរតាមព្រៃភ្នំ ។ ខ្ញុំធ្វើតាមគាត់ ដោយមិនហ៊ាននិយាយអ្វីច្រើនទេ រក្សាភាពស្ងៀមស្ងាត់ និង ផ្តោតអារម្មណ៍ជក់ចិត្ត រំភើបរីករាយទៅនិងទេសភាព ដ៏អស្ចារ្យដែលខ្ញុំមិនបានធ្លាប់ឃើញពីមុន ។ ផ្ទាំងថ្មធំៗ ដែលក្រុមស្ថាបនាផ្លូវបានបំបែកដើម្បីកសាងផ្លូវ នៅរកេតរកូតអមសងខាងផ្លូវ ។ សប្បាយអារម្មណ៍វាសប្បាយទៅហើយ តែកូនចិត្តមួយនឹកថា ប្រសិនបើផ្ទាំងថ្មទាំងនោះបាក់រលំមក មិនដឹងជាសល់ឆ្អឹងរឺអត់ទេខ្ញុំ ហើយចុះបើឡានខូចកណ្តាលផ្លូវមិនដឹងជាស្រែកអោយអ្នកណាជួយទេ បើនៅកណ្តាលព្រៃដ៏ក្រាស់ និង ពទ្ធ័ទៅដោយភ្នំទៀត ។ ផ្លូវពិតជារដឹបរដុបនិងរអឹល ។ អ្នកបើកតាក់ស៊ី គាត់មានជំនាញនិងស្គាល់ផ្លូវយ៉ាងច្បាស់ ធ្វើអោយខ្ញុំមានទំនុកចិត្តលើគាត់ ក៏ប៉ុន្តែនៅតែលួចបន់និងបួងសួងក្នុងចិត្ត សូមអោយជួបតែសុវត្ថិភាព ។ ផ្លូវចំណោត និង ផ្លូវដែលជិះឡើងភ្នំវិញ គឺគួរអោយស្រៀវស្រើប ។ ផ្លូវអន្ទង់អាំង បត់បែនយ៉ាងច្រើនកន្លែង បើអ្នកមិនស្គាល់ផ្លូវនេះច្បាស់ គឺអាចនឹងងាយជួបគ្រោះថ្នាក់ណាស់ ។ តែទេសភាពតាមដងផ្លូវ ជួយបន្ធូរបន្ថយអារម្មណ៍នៃការភ័យខ្លាច និង ស្រមើស្រម៉ៃគិតផ្តេសផ្តាសរបស់ខ្ញុំ ។ ទីបំផុតខ្ញុំបានឃើញទឹកដីនៃទីរួមខេត្តកោះកុង លឹមៗហើយ ហើយខ្ញុំក៏បានចេញផុតពីតំបន់ព្រៃភ្នំហើយដែរ ។ រឿងដែលមិនគួរអោយជឿ គឺគ្រាន់តែចេញផុតពីតំបន់ព្រៃដ៏ក្រាស់នេះ គឺសល់តែប៉ុន្មានគីឡូម៉ែត្រទៀត ដល់ទីរួមខេត្តកោះកុងហើយ ។ បារម្ភទៀតហើយខ្ញុំ ពីព្រោះដូចបានប្រាប់ពីដើមទីអញ្ចឹង ខ្ញុំមិនដែលធ្វើដំណើរផ្លូវឆ្ងាយតែឯងទេ ពេលនេះមិនដឹងជាទៅទីណាទេ បុកពោះភឹបៗ ។ ចុះពីតាក់ស៊ីខ្ញុំបានសួរទៅអ្នកបើកតាក់ស៊ី តើកន្លែងដែលយើងឈប់នេះ គេហៅអីគេ គាត់ថានេះគឺជាគល់ស្ពានកោះកុង ។
ស្ពាននេះគឺ ពិតជាវែងមែនឆ្លងកាត់ព្រែកមួយយ៉ាងធំ ។ លឺថាស្ពាននេះមានប្រវែងជាង ២ គីឡូម៉ែត្រឯណោះ ។ ខ្ញុំបានទូរសព្ធ័ទៅពូខ្ញុំអោយមកយកខ្ញុំនៅគល់ស្ពាននេះ ។
សំរាកនៅផ្ទះពូខ្ញុំមួយយប់ ព្រឹកឡើងខ្ញុំបានរៀបចំខ្លួនដើម្បី ទៅសំភាសន៍តែម្តង ។ ក្នុងកំឡុងពេលសំភាសន៍ អ្នកចាត់ការទូទៅនៅកន្លែងដែលខ្ញុំត្រូវសំភាសន៍ គាត់សួរថា តើខ្ញុំចេះភាសារថៃដែរទេ? ខ្ញុំងឿងឆ្ងល់ ហើយឆ្លើយថា មិនចេះទេ ។ គាត់និយាយប៉ៃឡាំៗ មកកាន់ខ្ញុំទៀតថា អញ្ចឹងលំបាកណាស់ ។ រួចគាត់បានអោយខ្ញុំទៅជួបសំភាសន៍និងបងស្រីម្នាក់ ។ ពេលសំភាសន៍រួចរាល់ បងស្រីម្នាក់នោះ គាត់បានសូមពេលខ្ញុំខ្លះដើម្បីពិភាក្សាគ្នាលេង ។ គាត់សួរខ្ញុំជាច្រើនសំណួរ ។ មួយសំណួរក្នុងចំណោមសំណូរទាំងនោះ គឺ ហេតុអ្វី បានជាប្អូនចង់មកបំរើការងារនៅទីនេះ? វាដាច់ស្រយាល ឱកាសបន្តកាសិក្សា រឺ អភិវឌ្ឍន៍ខ្លួនឯងសំរាប់ការងារអនាគត គឺស្ទើតែគ្មាន ។ ខ្ញុំភ្ញាក់ អារម្មណ៍ព្រើត ចំពោះ សំណួរនិងពាក្យសំដីរបស់គាត់ ។ ធ្វើអោយអារម្មណ៍ស្ទាក់ស្ទើររបស់ខ្ញុំកាលពីមុន កើតមានឡើងវិញ ហើយជំរុញអោយខ្ញុំរារែកក្នុងការសំរេចចិត្តទទួលយកនូវការងារនេះ ។ គាត់បន្ថែមថា បងក៏នឹងកំពុងរកឱកាសដើម្បីទៅធ្វើការនៅភ្នំពេញវិញដែរ ។ គាត់សូមអោយខ្ញុំពិចារណាម្តងទៀត ។ ខ្ញុំក៏ទទួលយកពាក្យគាត់ ហើយក៏សួរ១សំណួរទៅ គាត់វិញ “ហេតុអីបានជាលោកពូម្នាក់ដែលជាប្រធានបង សួរខ្ញុំថាចេះភាសារថៃរឺអត់?” ។ សំណួរនេះ វារាងប្លែកនិងមិនគួរអោយសួរទេ តែចេះតែសួរៗទៅព្រោះចង់ដឹងទៅហើយ ។ គាត់ឆ្លើយតបយ៉ាងដូចនេះ “នៅទីនេះ អ្នកគ្រប់គ្រងមួយចំនួនជាជនជាតិថៃ តែគាត់ចេះខ្មែរនិងនិយាយមិនសូវច្បាស់ទេ ។ ភ្ញៀវដែលមកទីនេះ ក៏ភាគច្រើនសុទ្ធតែជាជនជាតិថៃដែរ ដូចនេះការដែលចេះភាសារថៃគឺសំរួលបានច្រើនក្នុងការងារ” ។ អស់សំណួរ ខ្ញុំក៏ជំរាបលាគាត់ តែគាត់នៅ មិនភ្លេចផ្តាំខ្ញុំថា អោយខ្ញុំពិចារណាឡើងវិញ ។

ចេញពីសំភាសន៍ ខ្ញុំបានដើរមកមាត់ផ្លូវដើម្បីរកម៉ូតូឌុបជិះត្រឡប់ទៅផ្ទះពូខ្ញុំវិញ ។ ឈរមួយសន្ទុះមិនឃើញមានម៉ូតូឌុបសោះ ឃើញតែម៉ូតូស៊េរីទំនើបៗ ដែលជិះទៅមក ហើយពួកគាត់ចេះតែងាកមើលខ្ញុំ ។ បន្ទាប់មកខ្ញុំក៏សំរេចចិត្តដើរទៅមុខ បានប្រហែលជាជាង ១០ ម៉ែត្រ ទើបមានអ្នកជីះម៉ូតូអាសង់មួយមកពីខាងមុខខ្ញុំហើយស្រែកសួរថាខ្ញុំត្រូវការម៉ូតូឌុបអត់ ។ ខ្ញុំឆ្លើយថា បាទ រួចក៏ចចារតំលៃជិះ ។ ខ្ញុំសួរថា បងយកថ្លៃប៉ុន្មានពីទីនេះ ទៅដល់គោលដៅដែលខ្ញុំត្រូវទៅ? (សូមលាក់ឈ្មោះទីតាំង) ។ គាត់ថា ១០ បាត ។ ខ្ញុំងីងើ រួចសួរ ស្រុកខ្មែរសោះចាយលុយបាតថៃចឹង? ខ្ញុំគ្មានទេ គិតជាប្រាក់រៀលទៅ ។ គាត់សើចញឹមៗ រួចថា ចឹង ១២០០ រៀល ខ្ញុំក៏ព្រម ។ ជិះតាមផ្លូវខ្ញុំនិយាយលេងជាមួយគាត់ ដូចជាខ្ញុំមិនហ៊ានហៅ ម៉ូតូឌុបជិះទេ ពីព្រោះមើលទៅសុទ្ធតែម៉ូតូថ្លៃៗ ស្មានតែមិនមែនរត់ឌុប ។

ថ្ងៃឡើង ពូខ្ញុំបានជូនទៅដាក់នៅសួនកំសាន្តខេត្តកោះកុង គឺសួនសត្វ សាហ្វារីវើល ។ ពេលថ្ងៃអញ្ចឹង និង មិនមែន ឱកាសបុណ្យទាន រឺ ថ្ងៃសៅរ៍ អាទិត្យទៀត ចំនួនភ្ញៀវចូលសួនកំសាន្តមានចំនួនតិច គឺ មានតែខ្ញុំ និង ភ្ញៀវមួយក្រុម
ទៀតដែលមានគ្នា ៤-៥ នាក់ ។ តំលៃសំបុត្រត្រូវគិតជាប្រាក់បាតទៀតហើយ គឺ មានតំលៃ ២០០ បាត ។ ខ្ញុំឆ្លើយដដែល ខ្ញុំគ្មានប្រាក់បាតទេ មានតែប្រាក់រៀល ។ អ្នកលក់សំបុត្រយកម៉ាស៊ីនគិតលេងមកចុចមួយភ្លែត ក៏ឆ្លើយថា តំលៃ ២៥០០០ រៀល ។ តាមខ្ញុំដឹងអត្រាប្តូរប្រាក់ គឺស្មើគ្នាទេ ដូចនេះតំលៃប្រហែលជា ២០០០០ រៀលអីហ្នឹង តែអ្នកលក់សំបុត្រឆ្លើយថា បើទូទាត់ជាប្រាក់រៀល ត្រូវទូទាត់ដូចនេះហើយ ពីព្រោះជៀសវៀងការខាតបង់ដោយការឡើងចុះនៃអត្រាប្តូរប្រាក់ ។ ហួសចិត្តហើយ នៅស្រុកខ្មែរសោះ ចាយលុយរៀល គេគិតពិន័យច្រើនជាងប្រាក់បាតថៃ ។ ចូលដល់សួនកំសាន្ត ដោយសារតែភ្ញៀវមួយក្រុមនោះជាជនជាតិថៃ ពិធីករសំដែរបាននិយាយតែភាសារថៃ រួចម្តងម្កាល គាត់និយាយភាសារខ្មែរ (ដោយសារមានតែខ្ញុំជាខ្មែរ) ។ វិលមុខទៀតហើយ ស្តាប់មិនយល់គេនិយាយអី តែខ្ញុំរំភើប និង សើចសប្បាយទៅតាមកាយវិការរបស់អ្នកសំដែង ។ មើលបានការសំដែងចំនួនពីរ ក្រុមជនជាតិថៃនោះ បានចាកចេញទៅ សល់តែខ្ញុំទេ ដែលដើរពេញសួនទៅតាមសំលេងម៉ាយក្រូហ្វូន និង ប្លង់នៅលើសំបុត្រសំរាប់មើលការសំដែង ។ ទីបំផុត ពិធីករនិយាយភាសារជាតិយើងហើយ ហេហេ ។ ខ្ញុំពិតជាសសើរនូវសេវាកម្មរបស់សួនកំសាន្តនេះណាស់ ពីព្រោះសូម្បីតែភ្ញៀវទស្សនា មានតែខ្ញុំម្នាក់ឯង ក៏គេសំដែងអោយមើលដែរ ។ ខ្ញុំពិតជាសប្បាយចិត្តពិតមែន ដោយបានចូលរួមលេងកំសាន្តជាមួយក្រុមសំដែង និង សត្វដែលជាតួអង្គក្នុងកម្មវិធី ។ តាមការអោយដឹងរបស់ពីធីករ គឺរាល់ថ្ងៃ ចំនួនភ្ញៀវដែលមកពីខាងថៃមានចំនួនច្រើនលើសលប់ ហើយភ្ញៀវជាតិមានចំនួនតិច ដូចនេះទើបការអធិប្បាយត្រូវបានធ្វើឡើងជាភាសារថៃ ។

ទីបំផុត ខ្ញុំបានរកឃើញរឿងមួយ ទាក់ទិននិងភាពមន្ទឹលរបស់ខ្ញុំ ។ ដោយសារកំសោយនៃហេដ្ឋារចនាសម្ពន្ធ័ ធ្វើអោយ ខេត្តកោះកុង ស្ទើតែ ត្រូវបានផ្តាច់ខឿនសេដ្ឋកិច្ចជាមួយនិង ខេត្តជិតខាងក្នុងប្រទេសរបស់ខ្លួន ហើយ ពឹងផ្អែកស្ទើតែ
៨០ ភាគរយ ទៅលើទំនាក់ទំនងដោះដូរសេដ្ឋកិច្ចជាមួយប្រទេសថៃ ជាដើមហេតុ ធ្វើអោយភាសារថៃត្រូវបានប្រើប្រាស់នៅកន្លែងដែលខ្ញុំទៅសំភាសន៍ សូម្បីតែសួនកំសាន្តកោះកុង សាហ្វារី វើល ក៏ពិធីករប្រើប្រាស់ភាសារថៃដែរ ។ លុយបាត ក៏ត្រូវបានចរាចរច្រើនជាងរូបិយបណ្ណ័របស់ជាតិទៅទៀត ។ ថ្វីត្បិតតែខ្ញុំមិនសូវសប្បាយចិត្តនិងបញ្ហានេះ តែគ្មានជំរើសទេ ហើយខ្ញុំគិតថាប្រជាជននិងអាជីករនៅទីនោះក៏មិនចង់ធ្វើអញ្ចឹងដែរ ។ គួរអោយស្តាយដែលខ្ញុំបានលុបចោល និង ធ្វើការសំរេចចិត្តមិនទៅបំរើការងារនៅទីនោះទេ ដោយសារយាយនិងសាច់ញាតិរបស់ខ្ញុំគាត់ដឹង ហើយទូរសព្ទ័ហៅភ្លាមៗ មិនអោយនៅទីនោះ ចិត្តខ្ញុំក៏ដូចគ្នា គឺលែងចង់បំរើការងារនៅទីនោះហើយ ដូចនេះក៏សំរេចចិត្តវិលត្រឡប់មកភ្នំពេញវិញនៅថ្ងៃទីបី ។

រយៈពេលប្រហែលជា ២-៣ ឆ្នាំ ក្រោយមក ខ្ញុំបានទៅខេត្តកោះកុងម្តងទៀត តែលើកនេះមិនមែនទៅក្នុងគោលបំណងសំភាសន៍ការងារទៀតទេ គឺទៅដើម្បីទេសចរណ៍ជាមួយគ្រួសារម្តាយមីង ។ ការស្ថាបនាផ្លូវនៅ មិនទាន់បានបញ្ចប់១០០ ភាគរយនៅឡើយទេ គឺនៅសល់ស្ពានឆ្លងព្រែកទាំង៤ដែលគេស្ថាបនាហើយមិនទាន់រួចរាល់ទាំងស្រុង ។ ប៉ុន្តែក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ គេបានបើកអោយប្រើប្រាស់ផ្លូវនេះជាបណ្តោះអាសន្នដើម្បីអោយបងប្អូនប្រជាជនខ្មែរយើង បានទៅទស្សនា កំសាន្ត និង ស្គាល់ខេត្តកោះកុង ។ ផ្ទុយស្រឡះពីលើកមុនដែលខ្ញុំបានទៅ ផ្លូវដែលស្ងាត់ជ្រងុំ យូរៗទើបឃើញមានយានយន្តមួយឆ្លងកាត់បញ្ច្រាសគ្នានិងតាក់ស៊ីដែលខ្ញុំជិះ ពេលនេះគឺមានរថយន្ត យានយន្តយ៉ាងច្រើនបន្តកន្ទុយគ្នាឥតដាច់ធ្វើដំណើរលើផ្លូវដែលគេទើបស្ថាបនារួច ទៅកាន់ខេត្តកោះកុង ។ សភាពអ៊ូអរ និង ទេសភាពតាមដងផ្លូវ ធ្វើអោយក្រុមអ្នកធ្វើដំណើរទទួលបានអារម្មណ៍ស្រស់ស្រាយ រីករាយ និង ទិដ្ឋភាពថ្មី ដែលគេទើបតែពើបប្រទះ ។ នៅទីរួមខេត្ត និង តាមតំបន់រម្មណីដ្ឋាន នានា ក្នុងខេត្តកោះកុង គឺពោរពេញដោយហ្វូងមនុស្សកកកុញ ។ សណ្ថាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ពោពេញទៅដោយហ្វូងមនុស្សប្រជ្រៀតគ្នា ។ ដោយសារចំនួនភ្ញៀវសំរុកទៅច្រើនលើសលុបពេក ធ្វើអោយសណ្ថាគារ ផ្ទះសំណាក់ ត្រូវបានជួលគ្មានសល់ ជាហេតុធ្វើអោយបងប្អូនមួយចំនួន ត្រូវស្នាក់នៅតាមរថយន្តរបស់គាត់ ក្រាលកន្ទេល ប្រក់តង់នៅតាមដងផ្លូវ ។ វាមិនមែនជាភាពអាម៉ាស់ដែលថាគាត់គ្មានប្រាក់គេងនៅសណ្ថាគាររឺផ្ទះសំណាក់នោះទេ គឺមកពីគ្មានបន្ទប់សល់សំរាប់ពួកគាត់ ។ ថ្វីត្បិតតែបែបនេះ តែពួកគាត់បានបង្ហាញនូវស្នាមញញឹមលើផ្ទែមុខ និង ហួសចិត្តពីចំនួនមនុស្សដ៏ច្រើនកុះករ ។ ខុសពីពេលមុន ដែលភ្ញៀវភាគច្រើនជាជនជាតិថៃ ពេលនេះគឺពោរពេញដោយបងប្អូនជនរួមជាតិខ្មែរនៅគ្រប់រម្មណីដ្ឋាន ។ ទោះយ៉ាងណា ក៏នៅមានជនជាតិថៃយ៉ាងច្រើនកុះករចូលមកកំសាន្តនៅខេត្តកោះកុងរបស់យើងនាពេលនោះដែរ ។ តាមស្ថិតិអោយដឹង ក្នុងឱកាសនាពេលនោះ គឺមានអ្នកទេសចរជាតិជាង ១០០ ០០០ នាក់ បានទៅកំសាន្តនៅខេត្តកោះកុង ។

សម័យបច្ចុប្បន្ន ខេត្តកោះកុង លែងត្រូវបានកាត់ផ្តាច់ចេញពីទំនាក់ទំនងជាមួយខេត្តផ្សេងៗទៀត នៃប្រទេសកម្ពុជាយើងហើយ ។ អរគុណដល់រដ្ឋាភិបាលដែលបានកសាងផ្លូវ ដែលជាហេដ្ឋារចនាសម្ពន្ធ័និងសសៃឈាមដ៏សំខាន់ សំរាប់ញ៉ាំងអោយប្រជាជនងាយធ្វើដំណើរទៅកាន់ខេត្តកោះកុង ។ សុវត្ថិភាព និង ស្ថេរភាពសង្គម ធ្វើអោយមានភាពកក់ក្តៅដល់ប្រជាជន ធ្វើដំណើរទៅមកមិនថាយប់រឺថ្ងៃ គឺបានទាំងអស់ ។ ខេត្តកោះកុងលែងឯកោដូចមុនទៀតហើយ ដែលនាំមកនូវស្នាមញញឹមជាថ្មី ដល់ប្រជាជននិងខេត្តមួយនេះ ។

ខែសីហា 17, 2012 បញ្ចេញមតិ

ម្តេច​ហាម​មិន​អោយ​បង​យំ

ខែមិថុនា 15, 2012 បញ្ចេញមតិ

មិន​មែនបង​នឹក​គេ

ខែ​ឧសភា 5, 2012 បញ្ចេញមតិ